ថ្មពស់យក្ស គឺជាថ្មភ្នំមួយដែលទើបរកឃើញក្នុងខេត្តបឹងកាន ប្រទេសថៃ មានព្រំប្រទល់ជាប់គ្នាទៅនឹងប្រទេសឡាវ ដែលស្ថិតនៅភាគខាងកើត។
ខេត្តបឹងកានគឺជាខេត្តទី៧៦របស់ថៃទើបតែបង្កើតឡើងថ្មីនៅក្នុងឆ្នាំ២០១១ ដោយព្រះរាជក្រឹត្យរបស់អតីតព្រះមហាក្សត្រថៃចុះថ្ងៃទី២៣ ខែមិនា។ ទោះមានអាយុតិច ប៉ុន្តែទឹកដីនៃខេត្តបឹងកាន មានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំង និងទីតាំងពាក់ព័ន្ធនឹងរឿងព្រេងជាច្រើន ក្នុងនោះរឿងព្រេងថ្មពស់យក្សជាឧទាហរណ៍ស្រាប់។

ពេលថ្មីៗនេះមានការផ្អើលថាគេបានរកឃើញថ្មមួយដុំមានរូបរាងដូចគ្នាបេះបិទទៅនឹងក្បាលពស់ (ពស់ថ្លាន់?) ដែលត្រូវគេដាច់ផ្ដាច់ចេញពីដងខ្លួន ហើយមនុស្សម្នាក្នុងប្រទេសថៃចង់ទៅទស្សនា និងបួងសួងគ្រប់ៗគ្នា។ មានការលើកឡើងផ្សេងៗគ្នាពីប្រវត្តិថ្មពស់យក្សដែលទើបរកឃើញនេះ។

មនុស្សមួយចំនួនតំណាលថាថ្មពស់យក្ស គឺជាសត្វពស់ដែលត្រូវបណ្ដាសាតាឥសី។ ខ្លះថាមូលហេតុដែលពស់ត្រូវបណ្ដាសានេះគឺដោយសារមានទំនាក់ទំនងស្នេហាជាមួយមនុស្ស ទើបត្រូវកើតទៅជាថ្ម។ ដោយឡែកអ្នកខ្លះគិតថាពស់ពីដើមមានទំហំធំលុះក្រោយងាប់ទៅក៏កើតទៅជាថ្មដូចដែលយើងឃើញសព្វថ្ងៃ។
យ៉ាងណាក៏ដោយនេះគឺជាការអះអាង និងយល់ឃើញផ្សេងៗគ្នា អ្វីដែលសំខាន់នោះគឺថ្មពស់យក្សបានក្លាយជាគោលដៅទេសចរណ៍ថ្មីមួយក្នុងប្រទេសថៃ សម្រាប់អ្នកទេសចរដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេងរុករក ដើរកាត់ព្រៃភ្នំ និងបោះតង់ជាដើម៕

