សុខភាព និង ផ្លូវភេទ

ដំបូន្មានជុំវិញ ការថែរក្សាសម្ផស្ស

ជុំវិញបញ្ហាថែរក្សាសម្ភស្ស នៅមានបញ្ហាជាច្រើន ដែលមិនទាន់ស្រុះស្រួលគ្នា អ្នកខ្លះឲ្យដំបូន្មានថាអ្វីដែល្អ តែអ្នកផ្សេងបែរជាយល់ថា មិនល្អទៅវិញ។ ដើម្បីជាជំនួយដល់មិត្តនារីទាំងឡាយ សម្រាប់ការពិចារណា ទស្សនាវដ្តីផ្នែកសម្ភស្ស Femme Actuelle បានធ្វើការពន្យល់ថា៖

១. កាត់សក់ដើម្បីសក់ឆាប់វែង ចំហុយសក់ ដើម្បីឲ្យសក់ជាប់បានយូរ មិនឆាប់រង្គោះឬ ?
ចំលើយគឺមិនមែនទេ! សក់ដុះលូតលាស់ចាប់ពីគល់ទៅ។ គេមិនអាចធ្វើឲ្យវាឆប់ដុះវែង ដោយសារកាត់ចុះសក់នោះឡើយ។ ផ្ទុយទៅវិញការកាត់សក់ខ្លី គ្រាន់តែអាចជួយកុំឲ្យសក់ ជំពាក់ពិបាកសិតប៉ុណ្ណោះ ។

២.កឆាប់ជ្រីវជ្រួញ ជាងផ្ទៃមុខឬ?
ចំលើយគឺមែនហើយ! ស្បែកនៅក ម៉ដ្ឋស្តើងជាស្បែកមុខ ជាហេតុធ្វើឲ្យឆាប់ប្រែធាតុដើម។ ផ្ទុយទៅវិញ ស្បែកមុខក្រាស់ណាស់ វាអាចជៀសវាងការឆាប់ជ្រីវជ្រួញបានយូរជាងស្បែក ក។ ហេតុដូច្នេះហើយ ដើម្បីថែរក្សាស្បែកនៅជុំវិញក ឲ្យបានល្អយូរ គួរប្រើក្រែមដែលមានផ្សំដោយសារធាតុសំណើមឲ្យបានរាល់ថ្ងៃ ។

៣. គេអាចធ្វើឲ្យរោមភ្នែកដុះវែងបាន ?
ចំលើយគឺមិនមែនទេ! ការដុះលូតលាស់នៃរោមភ្នែក វាកំណត់ជាស្រេចដោយកោសិកានៃសរីរាង្គរបស់គេម្នាក់ៗ ។ រោមភ្នែកខាងលើច្រើនមានប្រវែងពី ៨ ទៅដល់១២មីលីម៉ែត្រ ហើយរោមភ្នែកខាងក្រោមមានប្រវែងពី ៦ ទៅ ៨មីលីម៉ែត្រ ។ រោមភ្នែកមួយសរសៃៗ នៅគង់វង្សតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះវានឹងជ្រុះហើយដោយមានរោមភ្នែកថ្មីដុះជំនួស ។

៤.គប្បីកក់សក់រាល់ថ្ងៃដែរឬទេ?
ចំលើយគឺត្រឹមត្រូវ! តែប្រើក្នុងលក្ខណៈកម្រិតស្រាលជាទីបំផុត ។ ចង់និយាយថាសាប៊ូកក់សក់ គួរលាយទឹកឲ្យបានច្រើន ពោលគឺធ្វើយ៉ាងណាធ្វើឲ្យជាតិថ្នាំ កាត់ក្អែលសក់ឲ្យបានខ្សោយបានហើយ ដើម្បីកុំឲ្យឆាប់ខូចសក់ ។

៥. ដកសក់ស្កូវមួយសរសៃ និងដុះឡើងវិញ១០សរសៃមែនទេ?
ចំលើយគឺមិនមែនទេ! ពេលដែលដកសក់មួយសរសៃចេញ ឬក៏សក់មួយសរសៃ ដែលវាជ្រុះដោយខ្លួនវានោះ សក់មួយសរសៃថ្មីនឹងដុះជំនួស មិនមែនដកមួយដុះ១០នោះទេ។ ដូច្នេះអ្នកមានសក់ស្កូវ កុំយល់ច្រឡំថា ខ្លួនកាន់តែមានសក់ស្កូវច្រើនឡើង បណ្តាលមកពីឧស្សាហ៍ ដកវាចោលនោះទេ។

៦. ម៉ាស្សាដើម្បីសម្រកទម្ងន់?
ចំលើយគឺមិនត្រឹមត្រូវទេ! ការម៉ាស្សាគ្រាន់តែធ្វើឲ្យដំណើរ ឈាមរត់បានស្រួលតែប៉ុណ្ណោះ កម្ចាត់បាននូវសារធាតុពុលបានខ្លះៗ ព្រមទាំងធ្វើឲ្យស្រទាប់ស្បែក រីកលូតលាស់បានល្អ តែវាមិនធ្វើឲ្យរលាយខ្លាញ់ ក្នុងខ្លួនបានឡើយ ។

៧. ផឹកទឹកច្រើនធ្វើឲ្យស្គមបាន ?
ចំលើយគឺមិនត្រឹមត្រូវទេ! ទឹកគឺជាសារធាតុដែលសរីរាង្គកាយ យើងមិនអាចខ្វះបាន ។ ទឹកអាចធ្វើឲ្យកម្តៅក្នុងខ្លួននៅនឹង ព្រមទាំងជួយច្រានចេញ នូវសារធាតុពុលទាំងឡាយបានខ្លះៗ ។ ម្យ៉ាងទៀតវាជួយឲ្យឈាម រត់បានស្រួល និងនាំសារធាតុ ទៅចិញ្ចឹមរាងកាយ បានឆាប់រហ័ស តែទឹកមិនអាចធ្វើឲ្យស្រទាប់ខ្លាញ់រលាយបានទេ។ ត្រូវផឹកទឹកឲ្យបាន ១លីត្រកន្លះក្នុងមួយថ្ងៃ ទើបនាំឲ្យមានសុខភាពល្អ ។

៨. ចង់សាកទឹកអប់ គួរតែលាប កដៃ?
ចំលើយគឺត្រឹមត្រូវ! ត្រូវបន្តក់ទឹកអប់មួយតំណក់លើ កដៃ តែមិនត្រូវយកវាមកលាបពីលើទេ។ រង់ចាំឲ្យទឹកអប់សាយភាយក្លិនមក តែកុំឲ្យលើសពីមួយនាទី ក្លិនទឹកអប់លែងសុទ្ធហើយ។ ប្រការគួរឲ្យកត់សម្គាល់មួយទៀតគឺតែ កាលណាបើសាកទឹកអប់លើសពីបីមុខឡើងទៅ ច្រមុះយើងលែងហិតក្លិនពូកែដូចមុនទៀតហើយ ដូច្នេះក៏មិនអាចដឹងពីក្លិនពិតប្រាកដ របស់ទឹកអប់នោះដែរ ។

៩.បណ្តាក្រែមលាបមុខ តែងតែមានប្រតិកម្មឬ?
ត្រូវខ្លះ និងមិនត្រូវខ្លះ! ផលិតផលលាបមុខគ្រប់ប្រភេទ ដែលមននឹងយកមកលក់នៅទីផ្សារ សុទ្ធតែមានការធានាសុវត្ថិភាពជាបង្គូរ ។ ប៉ុន្តែផលិតផលខ្លះមានប្រតិកម្ម ក្រោយពីប្រើរាប់សិបឆ្នាំឯណោះ ប្រភេទនោះមិនមានបញ្ហាអ្វីទេ។ តែទោះជាធានា សុវត្ថិភាពខ្ពស់យ៉ាងណា ក៏លែងនឹងមានប្រតិកម្ម ដល់ស្រ្តីមួយចំនួនតូចដែរ ។

១០. មិនត្រូវរួសក្រចកដៃ ក្រោយពីទើបនឹងងូតទឹករួច ?
ត្រឹមត្រូវ! ក្រោយពីងូតទឹករួច ក្រចកដៃ ជើងយើងមានសភាពទន់ជាខ្លាំង ។ បើយកដែករូសក្រចក មករូសពេលងួតទឹករួច វាអាចធ្វើឲ្យក្រចកយើងប្រេះជាពីរបាន ។

១១. គួរប្រើស្បែកជើង ដែលមានកែងរាបស្មើ?
មិនត្រឹមត្រូវ! ស្បែកជើងមានកែងរាបស្មើ ធ្វើឲ្យជើងស្ទក់ ដំណើរធ្ងន់ជើង មិនចង់ទៅមុខ ។ ផ្ទុយទៅវិញ ការពាក់ស្បែកជើងកែងខ្ពស់ ធ្វើឲ្យទម្ងន់ខ្លួនចង់តែជ្រុលទៅមុខ ខ្នងកោង នឹងមានបញ្ហាខ្នងនៅថ្ងៃមុខ តែប្រការសំខាន់បំផុត គួរពាក់ស្បែកជើង ដែលមានកែងត្រឹម ៣ ទៅ ៤ សង់ទីម៉ែត្រវាជាប្រការដ៏ល្អ ប្រសើរបំផុត៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Most Popular

To Top