បេះដូងដើរញាប់មានន័យថាចង្វាក់បេះដូងលោតលឿនជាងធម្មតា ។ បេះដូងមនុស្សពេញវ័យដែលមានសុខភាពល្អម្នាក់ជាធម្មតាលោតពី ៦០ ទៅ ១០០ដងក្នុងមួយនាទីនៅពេលសម្រាក ។ ប្រសិនបើ អ្នកមានបញ្ហាបេះដូងដើរញាប់ អត្រានៃចង្វាក់បេះដូងនៅថតខាងលើ ឬខាងក្រោមត្រូវបានធ្វើការច្រើនជាងមុន ។
ចង្វាក់បេះដូងត្រូវបានគ្រប់គ្រងដោយចរន្តអគិ្គសនីដែលបានបញ្ជូនទៅតាមជាលិកាបេះដូង ។ បេះដូងដើរញាប់កើតឡើងនៅពេលដែលភាពមិនធម្មតានៅក្នុងបេះដូងបង្កើតចរន្តអគ្គិសនីលឿនមួយ ។
ករណីមួយចំនួន បេះដូងដើរញាប់ប្រហែលជាមិនបង្កជារោគសញ្ញា ឬផលិបាកអ្វីនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ បេះដូងដើរញាប់អាចជាបញ្ហាធ្ងន់ធ្ងរមួយដែលមានការរាំងស្ទះដល់មុខងារធម្មតារបស់បេះដូង ប្រឈមកាន់តែខ្លាំងទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬបេះដូងឈប់ដើរ ឬស្លាប់ ។
ការព្យាបាលប្រហែលជាអាចជួយគ្រប់គ្រងចង្វាក់បេះដូងដែលដើរលឿន ឬជំងឺផ្សេងៗដែលធ្វើអោយបេះដូងដើរញាប់ដូច្នេះ ។
រោគសញ្ញា
នៅពេលដែលចង្វាក់បេះដូងរបស់អ្នលលោតលឿនពេក វាប្រហែលជាមិនអាចច្របាច់ឈាមយ៉ាងមានប្រសិទ្ឋភាពទៅកាន់កន្លែងផ្សេងៗនៃរាងកាយ សរីរាង្គ និងជាលិកាដែលត្រូវការអុកស៊ីសែន ទេ។ វាអាចបង្កអោយមានរោគសញ្ញាដូចខាងក្រោម៖
• វិលមុខ
• ពិបាកដកដង្ហើម
• ធីងធោង
• ជីពចរលោតញាប់
• ញ័រដើមទ្រូង
• ឈឺដើមទ្រូង
• ខ្យល់គ
មនុស្សមួយចំនួនដែលមានបញ្ហាបេះដូងដើរញាប់មិនឃើញមានរោគសញ្ញាអ្វីទេ ហើយបញ្ហនេះអាចរកឃើញតាមរយៈការពិនិត្យជំងឺតែមួយគត់ ឬតេស្តតាមដានចង្វាក់បេះដូងនោះគឺ Electrocardiogram ។
ពេលដែលត្រូវជួបគ្រូពេទ្យ
មានបញ្ហាមួយចំនួនអាចបង្កអោយចង្វាក់បេះដូងដើរលឿន និងរោគសញ្ញានៃបេះដូងដើរញាប់ ។ វាគឺជារឿងសំខាន់ដែលត្រូវដាក់រោគវិនិច្ឆ័យអោយសុក្រិត និងថែទាំអោយសមស្រប ។ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នក ឬកូនរបស់អ្នកធ្លាប់មានរោគសញ្ញានៃបេះដូងដើរញាប់ ។
ប្រសិនបើអ្នកខ្យល់គ ពិបាកដកដង្ហើម ឬឈឺទ្រូងជាប់លើសពី ២ ឬ៣នាទី ចូរស្វែងរកសេវាសង្គ្រោះបន្ទាន់ ។
មូលហេតុ
បេះដូងដើរញាប់បង្កឡើងដោយមានអ្វីមួយរាំងស្ទះចរន្តអគ្គិសនីធម្មតាក្នុងការគ្រប់គ្រងលើចង្វាក់បេះដូងដើម្បីច្របាច់ឈាមចេញ ។ មានរឿងជាច្រើនដែលអាចបង្ក ឬធ្វើអោយមានបញ្ហាលើប្រព័ន្ធចរន្តអគ្គិសនីបេះដូង ។ បញ្ហាទាំងនោះមានដូចជា៖
• ខូចខាតដល់ជាលិកាបេះដូងដោយសារជំងឺបេះដូង
• ផ្លូវចរន្តអគ្គិសនីនៅក្នុងបេះដូងមិនធម្មតាតាំងពីកំណើត
• មានជំងឺ ឬបេះដូងមិនធម្មតាពីកំណើត
• សម្ពាធឈាមខ្ពស់
• ជក់បារី
• ក្តៅខ្លួន
• ផឹកស្រាច្រើនពេក
• ផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនពេក
• ផលរំខានរបស់ថ្នាំ
• ញៀនថ្នាំដូចជាកូកាអ៊ីន
• អតុល្យភាពអេឡិចត្រុង ព្រោះសារធាតុរ៉ែក្នុងឈាមមានតួនាទីដ៏សំខាន់ក្នុងការបង្កើចរន្តអគ្គិសនី
• ក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងពេក (Hyperthyroidism)
ករណីខ្លះ មូលហេតុពិតប្រាកដរបស់បេះដូងដើរញាប់មិនអាចកំណត់បាននោះទេ៕ ប្រភព៖health