សុខភាព និង ផ្លូវភេទ

គួរអាន! អ្វីនឹងអាចកើតឡើង ចំពោះរាងកាយ នៅពេលអ្នកញាំអាហារហឹរ?

ការទទួលទានអាហារហឹរ អាចបណ្ដាលឱ្យមានអារម្មណ៍ក្ដៅ និងក្រហាយលើអណ្ដាត ប៉ុន្តែអាហារប្រភេទនេះ អាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ ជាច្រើនចំពោះសុខភាព។ ទោះជាយ៉ាងណា វាក៏ជះផលប៉ះពាល់ មួយចំនួនផងដែរ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចង់ដឹងឬអត់ថាតើអាហារហឹរល្អយ៉ាងណាខ្លះ? ហើយអាចជះផលប៉ះពាល់អ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាននៃការទទួលទានអាហារហឹរ ៖

ឥទ្ធិពលវិជ្ជមាននៃការទទួលទានអាហារហឹរ ៖
១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

នេះក៏ព្រោះតែអាហារហឹរ អាចផ្ដល់ឱ្យរាងកាយនូវសារធាតុ ប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទ ដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំ។ ហើយវាពិតជាមានអត្ថប្រយោជន៍ណាស់ ក្នុងកំឡុងពេលរដូវផ្ដាសាយ ដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពាររាងកាយពីពពួកមេរោគ។

២. ការទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់នឹងត្រូវថយចុះ

អ្នកជំនាញជាច្រើននិយាយថា ការរួមបញ្ចូលអាហារហឹរ ក្នុងរបបអាហារប្រចាំថ្ងៃ ពីមួយពេលទៅមួយពេល ពិតជាអាចជួយប្រឆាំងនឹងការឃ្លានស្ករ ឬអាហារផ្អែម។ វាក៏មិនខុសគ្នា ទៅនឹងការទទួលទានទឹកក្រូចស្រស់ ១ កែវក្រោយពេលដុសធ្មេញដូច្នោះដែរ ក្រោយទទួលទានអាហារហឹរជាធម្មតា ពួកយើងនឹងមិនចង់ទទួលទានអ្វី ដែលផ្អែមៗឡើយ។

៣. ជួយពង្រឹងសុខភាពបេះដូង

នេះក៏ព្រោះតែវត្តមានរបស់ម្ទេស ដែលមានក្នុងអាហារហឹរ ជួយបន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ព្រមទាំងប្រឆាំងការរលាក ទប់ស្កាត់ហានិភ័យនៃបញ្ហាបេះដូង។

៤. ជួយឱ្យស្រកទម្ងន់

ការទទួលទានអាហារហឹរ មានប្រយោជន៍ណាស់ សម្រាប់អ្នកដែលចង់ស្រកទម្ងន់។ ភាពហឹរក្ដៅបង្កើន ការដុតរំលាយអាហារក្នុងរាងកាយ ព្រមទាំងសមត្ថភាព នៃការដុតបំផ្លាញជាតិខ្លាញ់គួរឱ្យកត់សម្គាល់។ អាហារហឹរក៏ជួយបន្ថយ ចំណង់អាហារ ឬភាពឃ្លានផងដែរ។

៥. ជួយបញ្ចុះសម្ពាធឈាម

អត្ថប្រយោជន៍សុខភាពមួយទៀត ដែលអ្នកអាចទទួល បានពីការទទួលទានអាហារហឹរ គឺវាជួយបញ្ចុះសម្ពាធឈាម។ អាហារហឹរភាគច្រើន មានផ្ទុកវីតាមីន A និងវីតាមីន C ដែលជួយពង្រឹងជញ្ចាំងនៃបេះដូង ខណៈដែលកម្ដៅពីម្ទេស បង្កើនលំហូរឈាម ដូច្នេះសម្ពាធឈាមអ្នកនឹងប្រក្រតី។ ការទទួលទានអាហារហឹរ ជួយឱ្យបេះដូងដំណើរការត្រឹមត្រូវ កាត់បន្ថយហានិភ័យ នៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។

៦. កាត់បន្ថយហានិភ័យ នៃជំងឺដាច់សសៃឈាមខួរក្បាល

ដូចបានរៀបរាប់ខាងលើ អាហារហឹរជួយបញ្ចុះសម្ពាធឈាម មិនឱ្យឡើងខ្ពស់ខុសប្រក្រតី ហើយអ្នកនឹងអាចចៀស ផុតពីហានិភ័យនៃជំងឺដាច់សរសៃឈាម ខួរក្បាលជាមិនខាន។

៧. វាជួយឱ្យអារម្មណ៍ល្អប្រសើរ

ប្រសិនបើអ្នកឧស្សាហ៍ ជួបប្រទះបញ្ហាអារម្មណ៍ឆាប់ប្រែប្រួល ចូរសាកល្បងទទួលទានអាហារហឹរ។ អាហារប្រភេទនេះ ជួយបង្កើនការបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ ដូច្នេះអ្នកនឹងមានអារម្មណ៍ប្រសើរជាងមុន។

៨. ភាពអត់ធន់នឹងការឈឺ ចាប់កើនឡើងជាងមុន

សារធាតុ capsaicin អាចកំណត់គោលដៅសមាសធាតុពិសេសមួយ ក្នុងខួរក្បាលដែលទទួលខុសត្រូវ សម្រាប់អារម្មណ៍ឈឺចាប់។ វាបញ្ឆោតខួរក្បាល កុំឱ្យអើពើនឹងការឈឺចាប់។

ឥទ្ធិពលអវិជ្ជមាននៃការទទួលទានអាហារហឹរ ៖
១. ពកល្អិតៗដឹងរសជាតិលើអណ្ដាតនឹងរងគ្រោះ

អណ្ដាតរបស់អ្នកជាផ្នែកដំបូងបំផុត ដែលទទួលរងផលប៉ះពាល់ នៅរាល់ពេលទទួលទានអាហារក្ដៅៗ ហើយហឹរ។ អាហារហឹរអាចបង្កអាការៈក្រហាយ ឬឈឺតិចៗ ហើយអ្នកនឹងមិនអាច ភ្លក់ដឹងរសជាតិអាហារផ្សេងៗ បានពេញលេញដូចធម្មតាឡើយ! ប៉ុន្តែកុំបារម្ភដោយបញ្ហានេះ គ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះជាយ៉ាងណា នៅពេលអ្នកទទួលទានអាហារហឹរជាប្រចាំយូរទៅ ការដឹងរសជាតិ របស់អ្នកនឹងប្រែជាធម្មតាវិញ។

២. វាអាចបង្កអាការៈប្រតិកម្មអាឡែកស៊ី

មនុស្សមួយចំនួនបាននិយាយថា ពួកគេតែងជួបប្រទះអាការៈហើមមុខ និងរមាស់នៅពេលព្រឹក ក្រោយពេលទទួលទានអាហារហឹរ នៅពេលល្ងាច។ បញ្ហានេះអាចកើតឡើង ដោយសារម្ទេសងាយ នឹងបង្កអាការៈប្រតិកម្ម។ សម្រាប់អ្នកខ្លះប្រតិកម្មអាឡែកស៊ីនេះ គ្រាប់តែជាប្រតិកម្មធម្មជាតិ របស់រាងកាយទៅនឹងភាពហឹរប៉ុណ្ណោះ។

៣. វាអាចបណ្ដាល ឱ្យបញ្ហាក្រពះកាន់តែធ្ងន់ធ្ងរឡើង

ប្រសិនបើអ្នកមានក្រពះងាយប្រតិកម្ម ឬមានបញ្ហា នោះការទទួលទានអាហារហឹរ មិនមែនជាគំនិតល្អឡើយ។ ដំបូងវាអាចបណ្ដាល ឱ្យអ្នករាគដោយសារធាតុ capsaicin មានឥទ្ធិពលលើរាងកាយ។ ម្យ៉ាងវិញទៀត ការទទួលទានហឹរ ក៏អាចបណ្តាលឱ្យរលាកក្រពះរយៈពេលខ្លី ឬប្រសិនបើអ្នក កំពុងមានបញ្ហាក្រពះស្រាប់ ការទទួលទានហឹរ អាចបណ្ដាលឱ្យអាការៈកាន់តែធ្ងន់ធ្ងរ។

៤. វាអាចបង្កើនអាការៈក្រហាយទ្រូង

នៅពេលទទួលទានច្រើនអាហារហឹរ និងជាតិអាស៊ីត អាចបណ្ដាលឱ្យជញ្ជាំង នៃក្រពះចាប់ផ្ដើមរលាកក្រហាយ។ រយៈពេលយូរទៅស្ថានភាពនេះ អាចនឹងធ្ងន់ធ្ងរឡើង ហើយក្លាយជារ៉ាំរ៉ៃ។ ដូច្នេះដើម្បីជាការប្រសើរ កុំទទួលទានអាហារហឹរច្រើនពេក។ ប្រសិនបើអ្នកជួប ប្រទះអាការៈក្រហាយទ្រូង សាកល្បងទទួលទានទឹកដោះគោ ឬទទួលទានការ៉េម៕

Most Popular

To Top