នារីសម័យឥលូវ ហេតុអ្វីចូលចិត្តប្រើពាក្យ “បាទ!” ? នេះជាសំណួររបស់ ស៊ីថា និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា។ យុវជនរូបនេះបានលើកជាចម្ងល់ទៀតថា តើមានអាថ៌កំបាំង នៅពីក្រោយការប្រើពាក្យនេះមែនដែរឬទេ? ចង់ដឹងសូមស្ដាប់សម្ដីរបស់យុវវ័យដូចខាងក្រោម៖
លោក ជីវ៉ា បានប្រាប់ថា លោកមិនដឹងត្រូវនិយាយដូចម្ដេចទេ ប៉ុន្តែ យុវជនរូបនេះថា មិនអាចទៅរួចឡើយ ព្រោះមិត្តស្រីរបស់លោក ក៏និយាយពាក្យនេះដែរ។ លោកថា ៖ “អត់ទេ!! មិត្តស្រីខ្ញុំ ក៏ឆ្លើយបាទ! បាទ! ដែរហ្នឹង”។
ជានារីម្នាក់ចូលចិត្តឆ្លើយ “បាទ” ពេលមិត្តភ័ក្ដិហៅ កញ្ញា សារីម បង្ហើបប្រាប់ Sabay ថា ការប្រើពាក្យនេះ មិនមែនបានន័យថា កញ្ញាជាជាមនុស្សស្រលាញ់មនុស្សភេទដូចគ្នា ដែលភាសាអង់គ្លេសគេថា “Lesbian”។ តាមពិតកញ្ញាប្រើពាក្យនេះ ដើម្បីតែលេងសើចប៉ុណ្ណោះ។
និស្សិតផ្នែកគណនេយ្យ នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រងបញ្ជាក់ថា ដោយសារនៅកន្លែងធ្វើការ គេច្រើនហៅកញ្ញាថា Ah Boy! Ah Boy! ដូច្នេះកញ្ញាក៏ជាប់មាត់និយាយ “បាទ!” តែម្ដង។
“ខ្ញុំចូលចិត្តស្លៀកពាក់អាវយឺត ខោខោវប៊យ គេ [មិត្តភ័ក្ដិ] ក៏ហៅអាប្រុស ខ្ញុំក៏ជាប់មាត់ឆ្លើយ “បាទ!” ហើយពេលខ្លះ ឆ្លើយបាទជាមួយម៉ែដែរហ្នឹង។ អត់ទេបង! មិនមែនស្រលាញ់ស្រីដូចគ្នាទេ”។ សារីម បន្ថែម។
“វារឿងគួរឱ្យអស់សំណើច នៅពេលខ្លះមានគេសួរថា តើខ្ញុំមានសង្សារប្រុសឬស្រី? ខ្ញុំថា “ប្រុស” ហើយគេសួរទៀតថាចុះ ហេតុអីបានជានិយាយ “បាទ” ទៅវិញ? ខ្ញុំថាពាក្យបាទឬចាស មិនអាចនិយាយថា នារីណាម្នាក់ស្រលាញ់ភេទដូចគ្នា ឬខុសគ្នាឡើយ”។ នេះជាការបញ្ជាក់របស់កញ្ញា កន្និដ្ឋា។
អតីតនិស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចវ័យ ២៣ ឆ្នាំរូបនេះ រៀបរាប់ថា កញ្ញាក៏តែងប្រើពាក្យបាទញឹកញាប់ដែរ ៖ “ខ្ញុំប្រើញឹកញាប់ តែអត់មានអារម្មណ៍ស្រលាញ់ស្រីអីផង”។
កូនអ្នកភ្នំពេញដដែលប្រាប់ទៀតថា មនុស្សស្រលាញ់ភេទដូចគ្នា មិនសំដៅលើការនិយាយពាក្យ “បាទ” នោះទេ ហើយពេលខ្លះអ្នកមិននិយាយពាក្យនេះ អាចស្រលាញ់ភេទដូចគ្នាក៏ថាបាន។
មិនខុសពីយុវតីទាំងពីរខាងលើទេ សុជាតា បុគ្គលិកក្រុមហ៊ុនសារព័ត៌មានមួយ ក៏ប្រើពាក្យនេះញឹកញយដែរ តែកញ្ញាថា ការប្រើប្រាស់ គឺគ្រាន់តែលេងសើច និងឌឺដាក់ប្រុសៗដែលចង់ញ៉ែនាងតែប៉ុណ្ណោះ តាមពិតកញ្ញាគ្មានចិត្តស្រលាញ់ស្រីទេ។ សុជាតា បង្ហើបថា ៖ “ចេះតែមានហ្មង បើស្រលាញ់ស្រីខាតបាត់ (សើច)”៕ sabay