ស្ករស និងស្ករតោ្នត គឺជាប្រភេទស្ករ ដែលយើងតែងប្រើប្រាស់ ក្នុងអាហារទទួលទានជាប្រចាំថ្ងៃ ។ មនុស្សភាគច្រើន គិតថាការប្រើស្ករត្នោត គឺមានផលល្អជាង ព្រោះវាមានផ្ទុកសារធាតុបំប៉នច្រើនជាង តែតាមការពិតមិនមាន អំណះអំណាងវិទ្យាសាស្ត្រណា បានបញ្ជាក់បែបនេះនោះទេ ។ ស្ករត្នោតមានផ្ទុកសារជាតិ molasses និងផ្អែមជាងស្ករសធម្មតា ។ ប៉ុន្តែតើក្នុងចំណោមពួកវា ទាំងពីរមួយណាល្អ ចំពោះសុខភាពយើងជាង?
រវាងស្ករស និងស្ករត្នោត
ជាការពិតប្រភពដើមរបស់ស្ករ គឺត្រូវបានចំរាញ់ចេញពីអំពៅ ហើយវាមើលទៅ មានពណ៌ត្នោតនៅពេលចំរាញ់ដំបូងដោយសារតែវាមានផ្ទុកជាតិmolasses ។ បន្ទាប់មករោងចក្រផលិតស្ករ បានចំរាញ់យកជាតិ molasses នេះចេញហើយក៏ធ្វើអោយវាមានពណ៌សវិញ ។តែស្ករស ទាំងនេះក៏អាចក្លាយទៅជាស្ករត្នោតបាន ដោយគេគ្រាន់តែបន្ថែមនូវជាតិ molasses នេះចូលទៅក្នុងវាវិញ ។ ភាពខុសគ្នាខ្លាំងរវាងពួកវាទាំងពីរនេះ គឺរសជាតិ។ ដោយសារតែស្ករត្នោតមានជាតិ molasses នោះអ្នកពិតជាអាចភ្លក្សដឹងនូវរសជាតិ របស់វាបានយ៉ាងច្បាស់ គឺវាផ្អែមជាង មានសំណើម និងសភាពស្អិតរមួត ជាងស្ករដែលស្ងួត ហើយមានគ្រាប់តូចល្អិត ។
ការប្រៀបធៀប រវាងតម្លៃនៃសារធាតុបំប៉ន
មានមនុស្សជាច្រើនគិតថា ស្ករត្នោតល្អជាង ស្ករសធម្មតាដូច្នេះពួកគេបានប្រើប្រាស់វា ច្រើនជាងនៅក្នុងអាហារប្រចាំថ្ងៃ ។ ប៉ុន្តែការពិតនោះ បើគេគិតពីតម្លៃនៃសារធាតុបំប៉ន គឺពួកវាមិនមានអ្វីខុសគ្នានោះទេ ។ប្រភេទស្ករស គឺសុទ្ធជាង ព្រោះវាមានជាតិសាក្រូស ( sucrose) 99. 9% ។ ប៉ុន្តែសម្រាប់ស្ករត្នោតវិញ វាមានផ្ទុកជាតិនេះត្រឹមតែ 97% ដែលក្នុងនោះមានជាតិទឹក 2% និងសារធាតុផ្សេងទៀត 1% ។
ប្រសិនបើអ្នកបរិភោគស្ករ មួយស្លាបព្រាកាហ្វេ នោះអ្នកនឹងប្រើថាមពលទាំងអស់ 16 កាឡូរី ។ ហើយស្ករត្នោតមួយស្លាបព្រាកាហ្វេ នឹងធ្វើអោយអ្នកប្រើថាមពលអស់ 17កាឡូរី ។ បើទោះជាពួកវាមិនមានភាពខុសគ្នាខ្លាំងក្តី ត្រង់ចំណុចនេះ និងបរិមាណនៃជាតិសាក្រូស ក៏ស្ករត្នោត គឺមានផ្ទុកសារធាតុចិញ្ចឹមmolasses ដែលមានសារធាតុបំប៉នច្រើនជាងដូចជា ជាតិម៉ាញ៉េស្យូម, កាល់ស្យូម, ជាតិដែក, ប៉ូតាស្យូម។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរគិតថាការបរិភោគស្ករត្នោតច្រើន អាចអោយអ្នកមានសុខភាពល្អជាងស្ករសធម្មតានោះដែរ ។ តាមពិតវត្តមានជាតិរ៉ែ ដែលមាននៅក្នុងស្ករត្នោតនេះ គឺមានក្នុងបរិមាណតិចតួចប៉ុណ្ណោះ ដូច្នេះពួកវាមិនបានផ្តល់ប្រយោជន៍អ្វីច្រើន ទៅតាមតម្រូវការរបស់រាងកាយឡើយ។
ដូច្នេះតើអ្នក គួរប្រើស្ករមួយណាទៅ?
វាអាស្រ័យទៅលើប្រភេទ អាហារដែលអ្នកចម្អិន និងរសជាតិដែលអ្នកចង់បាន ដូច្នេះវាមិនមានភាពខុសគ្នាខ្លាំងនោះទេ នូវអត្ថប្រយោជន៍ដែលនឹងទទួលបានពីស្ករទាំងពីរប្រភេទនេះ ។ អ្នកអាចជ្រើសរើសយកស្ករត្នោត ប្រសិនបើអ្នកចង់ បានរសជាតិផ្អែមខ្លាំង ។ទោះជាយ៉ាងណាក្តី ប្រសិនបើអ្នកចង់បានសុខភាពល្អមែននោះ វាមិនតម្រូវទៅលើប្រភេទ ណាមួយនោះទេ តែវាអាស្រ័យទៅលើកម្រិតបរិមាណដែលគួរប្រើប្រាស់ ព្រោះអាហារដែលមានជាតិផ្អែមពេក អាចនឹងប៉ះពាល់ដល់សុខភាព របស់អ្នកនាថ្ងៃក្រោយ ៕