សុខភាព និង ផ្លូវភេទ

ការសិក្សា ៖ ស្ត្រីមានផ្ទៃពោះ អាចកាត់បន្ថយហានិភ័យ នៃការកើតមិនគ្រប់ខែ ដោយឈរហាលថ្ងៃ អំឡុងពេលមានផ្ទៃ ពោះដំបូង

ស្កុតឡេន ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ស្ត្រីមានផ្ទៃពោះ អាចកាត់បន្ថយហានិភ័យ នៃការកើតមិនគ្រប់ខែ ដោយការចេញ ទៅបន្ទប់ស្ថិតក្រោមពន្លឺព្រះអាទិត្យ អំឡុងពេលមានផ្ទៃពោះដំបូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Edinburgh បានរកឃើញថា ស្ត្រីមានផ្ទៃពោះ ដែលត្រូវពន្លឺព្រះអាទិត្យតិចបំផុត នៅប្រទេសស្កុតឡេន មានហានិភ័យ ១០ ភាគរយខ្ពស់ នៃការកើតមិនគ្រប់ខែ ។ សម្រាប់ពេលនេះទំនាក់ទំនង រវាងការប៉ះនឹង ពន្លឺព្រះអាទិត្យ និង ការកើតមិនគ្រប់ខែ គឺគ្មានការពន្យល់ច្បាស់លាស់ទេ ប៉ុន្តែនឹងត្រូវបានពិចារណាបន្ថែមទៀត នៅក្នុងការសិក្សា នាពេលអនាគត ។

អ្នកស្រាវជ្រាវលោកស្រី Sarah Stock នៅមជ្ឈមណ្ឌលសុខភាព បន្តពូជរបស់ Edinburgh បាននិយាយថា តួនាទីរបស់ពន្លឺព្រះអាទិត្យ គឺជាផ្លូវថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយ សម្រាប់ការស្រាវជ្រាវ លើការការពារការ កើតមិនគ្រប់ខែ ។ ការសិក្សានេះ មានសារសំខាន់ ព្រោះវាផ្តល់នូវទិន្នន័យបន្ថែម រំលឹកយើងថា ពន្លឺព្រះអាទិត្យផ្តល់អត្ថប្រយោជន៍ ដល់សុខភាពក៏ដូចជា ហានិភ័យផងដែរ ។

លោកស្រីវេជ្ជបណ្ឌិតស្តុក បានប្រាប់គេហទំព័រ ឌៀលីម៉ែលថា ទ្រឹស្តីលេខមួយ ដើម្បីពន្យល់ពីទំនាក់ទំនង គឺពន្លឺ ព្រះអាទិត្យបណ្តាលឲ្យមាន ការបញ្ចេញសារធាតុចេញពីស្បែកដែលបន្ធូរសរសៃឈាម ជួយឲ្យការមានផ្ទៃពោះ មានសុខភាពល្អ ដើម្បីបង្កើតនៅក្នុងស្បូន ។ នាងបានពន្យល់ថា ការសិក្សាលើមនុស្សពេញវ័យបានបង្ហាញថា ពន្លឺព្រះអាទិត្យជួយ កាត់បន្ថយសម្ពាធឈាម ដែលជាលទ្ធផល នៃការបញ្ចេញជាតិនីទ្រីកអុក ស៊ីដចេញពីស្បែក ។

ការស្រាវជ្រាវដំបូង របស់យើងជាមួយស្ត្រីមានផ្ទៃពោះ ណែនាំថា ការប៉ះពាល់នឹងសមាសធាតុ នៃពន្លឺព្រះអាទិត្យប៉ះពាល់ដល់ លំហូរឈាមទៅកាន់ស្បូន។ ពន្លឺព្រះអាទិត្យក៏រួមចំណែក ដោយផ្ទាល់ដល់ការផលិតវីតាមីនD ជួយដល់ការលូតលាស់ឆ្អឹងធ្មេញ តម្រងនោមបេះដូង និងប្រព័ន្ធប្រសាទ របស់ទារកក្នុងផ្ទៃ ។

ជាការពិតការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ច្រើនពេកអាចធ្វើឲ្យខូចស្បែក ប៉ុន្តែក្រុមបានអះអាង ថា អត្ថប្រយោជន៍នៃការកាត់បន្ថយសម្ពាធឈាម ខ្ពស់ជាងហានិភ័យ នៃការវិវត្តទៅជាជំងឺ មហារីកស្បែក ៕ដោយ៖លី ភីលីព

Most Popular

To Top