សុខភាព និង ផ្លូវភេទ

ស្ករស និង​ស្ករត្នោត ​តើ​មួយណា​ល្អ ​ចំពោះ​សុខភាព​ជាង​?

​ស្ករស និង​ស្ក​រតោ្នត ​គឺជា​ប្រភេទ​ស្ក​រ ដែល​យើង​តែង​ប្រើប្រាស់ ក្នុង​អាហារ​ទទួលទាន​ជា​ប្រចាំ​ថ្ងៃ ​។ មនុស្ស​ភាគច្រើន គិត​ថា​ការប្រើ​ស្ករត្នោត​ គឺមាន​ផល​ល្អ​ជាង ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​បំប៉ន​ច្រើនជាង តែ​តាម​ការពិត​មិន​មាន ​អំណះអំណាង​វិទ្យាសាស្ត្រ​ណា ​បាន​បញ្ជាក់​បែបនេះ​នោះ​ទេ ។ ស្ករត្នោត​មាន​ផ្ទុក​សារជាតិ molasses និង​ផ្អែម​ជាង​ស្ករស​ធម្មតា​ ។ ប៉ុន្តែ​តើ​ក្នុង​ចំណោម​ពួក​វា ទាំង​ពីរ​មួយ​ណា​ល្អ​ ចំពោះ​សុខភាព​យើង​ជាង​?

​រវាង​ស្ករស និង​ស្ករត្នោត​
​ជា​ការពិត​ប្រភព​ដើម​របស់​ស្ករ គឺ​ត្រូវបាន​ចំរាញ់​ចេញពី​អំពៅ ហើយ​វា​មើលទៅ មាន​ពណ៌​ត្នោត​នៅពេល​ចំរាញ់​ដំបូង​ដោយសារតែ​វា​មាន​ផ្ទុក​ជាតិ​molasses ។ បន្ទាប់​មក​រោងចក្រ​ផលិត​ស្ករ បាន​ចំរាញ់​យក​ជាតិ molasses នេះ​ចេញ​ហើយ​ក៏​ធ្វើអោយ​វា​មាន​ពណ៌​ស​វិញ ។​តែ​ស្ករស ទាំងនេះ​ក៏​អាច​ក្លាយទៅជា​ស្ករត្នោត​បាន ដោយ​គេ​គ្រាន់តែ​បន្ថែម​នូវ​ជាតិ molasses នេះ​ចូល​ទៅក្នុង​វា​វិញ ។ ភាពខុស​គ្នា​ខ្លាំង​រវាង​ពួក​វា​ទាំងពីរ​នេះ គឺ​រសជាតិ​។ ដោយសារ​តែ​ស្ករត្នោត​មាន​ជាតិ molasses នោះ​អ្នក​ពិតជា​អាច​ភ្លក្ស​ដឹង​នូវរស​ជាតិ​ របស់​វា​បាន​យ៉ាង​ច្បាស់ គឺ​វា​ផ្អែម​ជាង មាន​សំណើម និង​សភាព​ស្អិតរ​មួ​ត ជាង​ស្ករ​ដែល​ស្ងួត ហើយ​មាន​គ្រាប់​តូច​ល្អិត​ ។​

ការប្រៀបធៀប​ រវាង​តម្លៃ​នៃ​សារធាតុ​បំប៉ន​
​មាន​មនុស្ស​ជាច្រើន​គិតថា​ ស្ករត្នោត​ល្អ​ជាង ស្ករស​ធម្មតា​ដូច្នេះ​ពួកគេ​បាន​ប្រើប្រាស់​វា ច្រើន​ជាង​នៅក្នុង​អាហារ​ប្រចាំ​ថ្ងៃ​ ។ ប៉ុន្តែ​ការពិត​នោះ បើ​គេ​គិត​ពី​តម្លៃ​នៃ​សារធាតុ​បំប៉ន គឺ​ពួក​វា​មិនមាន​អ្វី​ខុស​គ្នា​នោះ​ទេ ។​ប្រភេទ​ស្ករស គឺ​សុទ្ធ​ជាង ព្រោះ​វា​មាន​ជាតិ​សា​ក្រូស ( sucrose) 99. 9% ។ ប៉ុន្តែ​សម្រាប់​ស្ករត្នោត​វិញ វា​មាន​ផ្ទុក​ជាតិ​នេះ​ត្រឹមតែ 97% ដែល​ក្នុងនោះ​មាន​ជាតិ​ទឹក 2% និង​សារធាតុ​ផ្សេងទៀត 1% ។​

​ប្រសិនបើ​អ្នក​បរិភោគ​ស្ករ​ មួយ​ស្លាបព្រា​កាហ្វេ នោះ​អ្នកនឹង​ប្រើ​ថាមពល​ទាំងអស់ 16 កា​ឡូរី ។ ហើយ​ស្ករត្នោត​មួយ​ស្លាបព្រា​កាហ្វេ នឹង​ធ្វើអោយ​អ្នក​ប្រើ​ថាមពល​អស់ 17​កា​ឡូរី ។ បើទោះជា​ពួកវា​មិន​មាន​ភាពខុសគ្នា​ខ្លាំង​ក្តី ត្រង់​ចំណុច​នេះ និង​បរិមាណ​នៃ​ជាតិ​សា​ក្រូស ក៏​ស្ករត្នោត គឺ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​molasses ដែល​មាន​សារធាតុ​បំប៉ន​ច្រើនជាង​ដូចជា ជាតិ​ម៉ាញ៉េ​ស្យូម​, កាល់ស្យូម​, ជាតិ​ដែក​, ប៉ូ​តា​ស្យូម​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ក៏​អ្នក​មិន​គួរ​គិតថា​ការបរិភោគ​ស្ករត្នោត​ច្រើន អាច​អោយ​អ្នក​មាន​សុខភាព​ល្អ​ជាង​ស្ករស​ធម្មតា​នោះ​ដែរ ។ តាមពិត​វត្តមាន​ជាតិ​រ៉ែ ដែល​មាន​នៅក្នុង​ស្ករត្នោត​នេះ គឺ​មាន​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ ដូច្នេះ​ពួក​វា​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ច្រើន ទៅតាម​តម្រូវការ​របស់​រាងកាយ​ឡើយ​។​

​ដូច្នេះ​តើ​អ្នក ​គួរប្រើ​ស្ករ​មួយណា​ទៅ​?
​វា​អាស្រ័យ​ទៅលើ​ប្រភេទ ​អាហារ​ដែល​អ្នក​ចម្អិន និង​រសជាតិ​ដែល​អ្នក​ចង់​បាន ដូច្នេះ​វា​មិន​មាន​ភាពខុសគ្នា​ខ្លាំង​នោះទេ នូវ​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន​ពីស្ក​រទាំង​ពីរ​ប្រភេទ​នេះ ។ អ្នក​អាច​ជ្រើសរើស​យក​ស្ករត្នោត ប្រសិនបើ​អ្នក​ចង់ ​បាន​រសជាតិ​ផ្អែម​ខ្លាំង ។​ទោះជា​យ៉ាងណាក្តី ប្រសិនបើ​អ្នក​ចង់​បាន​សុខភាព​ល្អ​មែន​នោះ វា​មិន​តម្រូវ​ទៅ​លើ​ប្រភេទ ​ណា​មួយ​នោះទេ តែ​វា​អាស្រ័យ​ទៅលើ​កម្រិត​បរិមាណ​ដែល​គួរ​ប្រើប្រាស់ ព្រោះ​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ពេក អាច​នឹង​ប៉ះពាល់​ដល់​សុខភាព ​របស់​អ្នកនា​ថ្ងៃក្រោយ ៕

Most Popular

To Top