សុខភាព និង ផ្លូវភេទ

ផ្លែសូដាល្អចំពោះភ្នែក និងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព

ផ្លែសូដាមានរសជាតិស្រដៀងនឹងស៊ុតក្រហមដែលស្ងោរឆ្អិន ប៉ុន្តែវាមានរសជាតិ​ផ្អែម។ ផ្លែសូដា សម្បូរទៅដោយបេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន C វីតាមីន B3 វីតាមីន B1 និងជាតិសរសៃ។ ខាងក្រោមនេះ​ជាអត្ថប្រយោជន៍​នៃការ​ញុំា​ផ្លែ​សូដា។

១. ជំនួយភ្នែកនិងសក់

សារធាតុបេតាការ៉ូទីននៅក្នុងផ្លែសូដាត្រូវបានបំប្លែង​ទៅជាវីតាមីន A ពេលចូលដល់រាង​កាយ​យើង។​ វីតាមីន​ A ជួយឱ្យភ្នែក​យើងមើលច្បាស់នៅ​ពេល​យប់ និងការពារភ្នែកស្ងួត។ លើសពីនេះ​ទៅ​ទៀតវាជួយការពារភ្នែក​ពីជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកចុះខ្សោយ ដែលអាច​បណ្តាល​ឱ្យងងឹតភ្នែក។ វីតាមីន A ក៏ជួយឱ្យសក់ភ្លឺរលោង និងក្រាស់ដែរ។

២. ការពារការខ្វះគ្រាប់ឈាម

ជាតិដែកនៅក្នុងផ្លែសូដាជួយផលិតអេម៉ូក្លូប៊ីនដែលមានតួនាទីដឹកនាំអុកស៊ីសែនឆ្លងកាត់ចរន្តឈាមទៅគ្រប់កោសិការបស់រាងកាយ។ ដូច្នេះការញុំាផ្លែសូដាជួយឱ្យយើងមានកម្លាំង។

៣. ជួយឱ្យឆ្អឹងរឹងមាំ

ផ្លែសូដាសម្បូរទៅដោយកាល់ស្យូម និងផូស្វ័រដែលល្អចំពោះសុខភាពឆ្អឹង។ ឯជាតិដែកនៅក្នុងផ្លែ សូដាក៏មានតួនាទីក្នុងការផលិតកោសិកាឈាមក្រហម​ដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍរាងកាយ និងឆ្អឹងដែរ។

៤. បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម

វីតាមីន B3 នៅក្នុងផ្លែសូដាមានតួនាទីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ព្រោះវាជួយ​សម្រួលដល់ការបំលែងទៅជាថាមពល។

៥. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ

បរិមាណវីតាមីន C នៅក្នុងផ្លែសូដាអាចជួយការពារ និងព្យាបាលជំងឺផ្តាសាយ និងគ្រុន​ផ្តាសាយ​បាន។

៦. ជំនួយខួរក្បាល

បរិមាណជាតិដែកនៅក្នុងផ្លែសូដាក៏ជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនដល់ខួរក្បាលផងដែរ។ ជា​លទ្ធផល​ខួរក្បាលអាចដំណើរការបានល្អ និងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺចាស់វង្វេង ។

៧. ជំនួយសន្លាក់ និងឆ្អឹងខ្ចី

វីតាមីន B3 នៅក្នុងផ្លែសូដាជួយបង្កើនភាពបត់បែនរ​បស់សន្លាក់ និងជួយបង្កើតឆ្អឹងខ្ចី។ សារធាតុកាល់ស្យូម និងផូស្វ័រនៅក្នុងផ្លែសូដាក៏ជួយក្នុងការបំបាត់ជំងឺរលាកសន្លាក់ដែរ។

៨. ជំនួយដល់ការរំលាយអាហារ

ជាតិសរសៃនៅក្នុងផ្លែសូដាជួយសម្រូលដល់ចលនាពោះវៀន ដែលធ្វើឱ្យ​យើង​ងាយ​ក្នុងការ​បន្ទោបង់។ ជាតិសរសៃក៏ជួយគ្រប់គ្រងកម្រិតជាតិ​គ្លុយកូស​ក្នុងឈាម និងជួយកម្ចាត់កូលេស្តេរ៉ូល​​អាក្រក់ចេញពីរាងកាយយើង​ផងដែរ។

ស្វែងយល់ពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ

ចំណុចគួរដឹង

  • ថ្វីត្បិតតែផ្លែសូដាផ្តល់ប្រយោជន៍ច្រើនដល់សុខភាព តែយើងត្រូវកម្រិត​បរិមាណញុំាដែរ ព្រោះការញុំាផ្លែសូដាច្រើនធ្វើឱ្យស្បែកយើង​ប្រែទៅជាពណ៌លឿង។
  • មនុស្សមួយចំនួនអាចអាលែកហ្ស៊ីនឹងផ្លែសូដា
  • ផ្លែសូដាមានកាឡូរីខ្ពស់ ប្រសិនបើយើងកំពុងសម្រកទម្ងន់គួរ​ចៀស​វាង​ផ្លែឈើនេះ។ http://ប្រភព៖hellokrupet

Most Popular

To Top