ធ្លាប់ដឹងទេថា ត្រឹមការជិះកង់ធម្មតាក៏អាចជា លំហាត់ប្រាណមួយដ៏ប្រសើរ សម្រាប់សុខភាពរាងកាយផងដែរ។ ថាតើការជិះកង់អាចផ្ដល់អត្ថប្រយោជន៍ល្អយ៉ាងណាខ្លះ? ទាំងនេះជាំមូលហេតុដែលអ្នកគួរ ចាប់ផ្ដើមធ្វើលំហាត់ប្រាណជិះកង់ ៖
១. ប្រឆាំងជំងឺមហារីក
ជឿឬអត់ថាការជិះកង់ ក៏អាចជួយប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក? ការរស់នៅដោយគ្មាន ភាពសកម្មនៃរាងកាយ ឬមិនធ្វើលំហាត់ប្រាណអាចធ្វើឱ្យអ្នកប្រឈមមុខខ្ពស់ នឹងហានិភ័យនៃជំងឺមហារីក ខណៈដែលជាតិពុលផ្សេងៗ ត្រូវប្រមូលផ្ដុំកកកុញក្នុងរាងកាយ។ ជាលទ្ធផល DNA ត្រូវប្រែប្រួល ហើយកោសិកា ក៏ទទួលរងការខូចខាតបង្ក ហានិភ័យនៃជំងឺមហារីក។ បន្ថែមពីនេះការទទួលទាន មិនបានត្រឹមត្រូវអាចបង្កជាអាការៈទល់លាមកនិងហើមពោះ ដែលបង្កើនហានិភ័យនៃ ជំងឺមហារីកពោះវៀនធំ។ ទោះជាយ៉ាងណាប្រសិនបើ អ្នកមានទម្លាប់ជិះកង់យ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ នោះវាជួយកាត់បន្ថយហានិភ័យ នៃការវិវត្តទៅជាជំងឺមហារីកសុដន់ និងមហារីកពោះវៀនធំបាន ដោយទម្លាប់នេះជួយរក្សា ភាពសកម្មនៃកោសិកា និងការពារ DNA ពីការប្រែប្រួលរងការបំផ្លាញ។
២. កាត់បន្ថយស្ត្រេស
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសអាចបង្កគ្រោះថ្នាក់ ចំពោះសុខភាពគួរឱ្យបារម្ភ។ វាអាចធ្វើឱ្យកើនទម្ងន់, ឡើងកូឡេស្តេរ៉ូល និងខ្លាញ់មិនល្អក្នុងសសៃឈាម, ជំងឺហឺត, ជំងឺទឹកនោមផ្អែម, បញ្ហាពាក់ព័ន្ធការរំលាយអាហារ, សញ្ញានៃភាពចាស់មុនវ័យ, ជំងឺថប់បារម្ភ, ជំងឺឈឺក្បាល, សម្ពាធឈាមឡើងខ្ពស់, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺសសៃឈាមបេះដូង និងជំងឺចាស់វង្វេងជាដើម។ ទោះជាយ៉ាងណាទម្លាប់នៃការជិះកង់អាចជួយកាត់បន្ថយស្ត្រេសបានយ៉ាងប្រសើរ។ នេះក៏ព្រោះតែការជិះកង់ជា លំហាត់ប្រាណដ៏ងាយ និងប្រសើរបំផុតមួយដើម្បី លើកកម្ពស់អារម្មណ៍ល្អប្រសើរ។
៣. កាត់បន្ថយហានិភ័យ នៃជំងឺបេះដូង
ការជិះកង់ជួយពង្រឹងសាច់ដុំបេះដូង បញ្ចុះសម្ពាធឈាម និងបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ ដែលសុទ្ធតែជាកត្តា សំខាន់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរចៀសផុត ហានិភ័យនៃជំងឺបេះដូង ឬសូម្បីតែជំងឺដាច់ សសៃឈាមខួរក្បាល។
៤. ជួយឱ្យស្រកទម្ងន់
ការជិះកង់ជាទម្រង់នៃលំហាត់ប្រាណ ដ៏មានប្រសិទ្ធិភាពបំផុតមួយ ដែលអ្នកគួរធ្វើប្រសិនបើ ចង់ស្រកទម្ងន់។ វាមិនត្រឹមតែជួយដុតបំផ្លាញកាឡូរីដែលលើសប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រឹងភាពរឹងមាំ នៃសាច់ដុំផងដែរ។
៥. ធ្វើឱ្យមុខងារខួរក្បាល មានភាពប្រសើរឡើង
ការជិះកង់ទាមទារឱ្យ អ្នកផ្ដោតការយកចិត្តទុកដាក់ សម្របសម្រួលមុខងារសាច់ដុំ និងរក្សាលំនឹងរាងកាយ។ បន្ថែមពីនេះ ការជិះកង់ក៏ជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល ដែលធ្វើឱ្យក្បាលរបស់អ្នកស្រឡះ និងធ្វើឱ្យការសម្រេចចិត្តផ្សេងៗ បានកាន់តែល្អជាងមុន។ ការជិះកង់ក៏ជួយសម្រួលដល់ការលូតលាស់ នៃកោសិកាថ្មីៗនៅក្នុងតំបន់ hippocampus នៃខួរក្បាល ហើយបង្កើនបរិមាណ អុកស៊ីហ្សែនដែលឆ្ពោះទៅខួរក្បាល។ ជាលទ្ធផលជួយការពារពីហានិភ័យ នៃជំងឺពាក់ព័ន្ធប្រព័ន្ធប្រសាទ។
៦. កាត់បន្ថយអាការៈឈឺសន្លាក់
ជាពិសេសសន្លាក់ជង្គង់! ការជិះកង់ជាប្រចាំអាចជួយ ធ្វើឱ្យចលនានៃសន្លាក់ មានភាពប្រសើរឡើង។ វាជះផលប៉ះពាល់តិចតួចប៉ុណ្ណោះលើសន្លាក់ ដូច្នេះអាចជួយព្យាបាល សន្លាក់កម្រិតស្រាល ឬរបួសត្រគាក និងស្តារឆ្អឹងខ្ចីឡើងវិញ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ ដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
ប្រភព៖ Health
