សុខភាព និង ផ្លូវភេទ

អត្ថប្រយោជន៍ នៃការទទួលទាន អយស្ទ័រ

អយស្ទ័រ គឺជាអាហារដ៏ពេញនិយមខ្លាំង បំផុតពីសំណាក់មនុស្ស នៅទូទាំងពិភពលោក ព្រោះវាមានរសជាតិឆ្ងាញ់ ហើយមានប្រយោជន៍ សម្រាប់សុខភាពសរសៃឈាមបេះដូង សម្រស់ និងធ្វើឲ្យមុខងារខួរក្បាល មានភាពប្រសើរឡើង។ ដូច្នេះ សម្រាប់អ្នកដែលមិនចូលចិត្តអយស្ទ័យ គួរតែស្វែងយល់ពី អត្ថប្រយោជន៍របស់វាសិន មុននឹងបដិសេធថា ទេ ចំពោះអាហារដ៏ល្អមួយនេះ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ចំពោះសុខភាពទាំង ១០យ៉ាង ដែលបានមកពីការទទួលទានអយស្ទ័រ៖

១.បង្កើនប្រព័ន្ធភាពស៊ាំ
អយស្ទ័រ សម្បូរទៅដោយវីតាមីន E និង C ព្រមទាំងសារធាតុរ៉ែផ្សេងទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ។ ទន្ទឹមនឹងនេះផងដែរ វាមានផ្ទុកសារធាតុ ប្រឆាំងនឹងការរលាក អុកស៊ីតកម្មប្រឆាំង ដែលអាចការពារការរីករាលដាល នៃរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។

២.ល្អសម្រាប់សុខភាពបេះដូង
អយស្ទ័រ មានផលវិជ្ជមានទៅលើសុខភាព នៃសរសៃឈាមបេះដូង ព្រោះវាមានសមត្ថភាពអាច កាយបន្ថយជាតិពុលក្នុង សរសៃឈាមអាក់ទែ និងកម្ចាត់កូលេស្តេរ៉ុល ដែលតោងជាប់នៅតាម ជញ្ជាមសរសៃឈាម។ លើសពីនេះទៅទៀត អយស្ទ័រ មានផ្ទុកម៉ាញ៉េស្យូម និងប៉ូតាស្យូមខ្ពស់ អាចកាត់បន្ថយសម្ពាធឈាម ហើយធ្វើឲ្យលំហូរឈាមដំណើរការបានល្អ។ ចំណែកឯវីតាមីន E របស់វា អាចជួយបង្កើនភាពបត់បែន និងជំរុញឲ្យភ្នាសកោសិកាមានសុខភាពល្អ។

៣.បង្កើនមុខងារខួរក្បាល
អយស្ទ័រ គឺជាប្រភពដ៏សម្បូរបែបនេះវីតាមីន B12 អាស៊ីតខ្លាញ់អូមេហ្គា ៣ ស័ង្កសី និងជាតិដែក ដែលមានអត្ថប្រយោជន៍ សម្រាប់មុខងារខួរក្បាល។ ការស្រាវជ្រាវបានបង្ហាញថា កម្រិតជាតិដែក ក្នុងរាងកាយទាប អាចកាត់បន្ថយសមត្ថភាពខួរក្បាល ខណ:ដែលកង្វះស័ង្កសី អាចបណ្តោលឲ្យអ្នកឆាប់ចាស់។

៤.ល្អសម្រាប់ភ្នែក
ប្រភពស័ង្កសី ពីធម្មជាតិដ៏សម្បូរបែប នៅក្នុងអយស្ទ័រ អាចការពារភ្នែកឲ្យរួចផុតពីជំងឺផ្សេងៗ និងធ្វើឲ្យភ្នែកកាន់តែភ្លឺច្បាស់។

៥.ល្អសម្រាប់ស្បែក
សារធាតុស័ង្កសី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួសជុលស្បែក ដោយសារតែវាជួយជំរុញ ដល់ការផលិតនៃស្រទាប់ កូឡាជែន។ ស្រទាប់កូឡាជែន មានសារ:សំខាន់ខ្លាំងណាស់ ក្នុងការជួយគាំទ្រដល់រចនាសម្ព័ននៃស្បែក និងកាត់បន្ថយភាពចាស់។ លើសពីនេះ វាក៏អាចជួយរក្សាក្រចក ស្បែកក្បាល និងសក់ ឲ្យមានសុខភាពល្អផងដែរ។

៦.រក្សាសរសៃឈាមឲ្យមានសុខភាពល្អ
អយស្ទ័រ មួយគ្រាប់មានផ្ទុកវីតាមីន C ចាប់ពី ១៦ ទៅ ១៨ភាគរយ ដែលរាងកាយត្រូវការចាំបាច់ជាប្រចាំថ្ងៃ។ វីតាមីន C អាចជួយប្រយុទ្ធប្រឆាំង នឹងជំងឺសរសៃឈាមបេះដូង ហើយអាស៊ីតខ្លាញ់អូមេហ្គា ៣ ប៉ូតាស្យូម និងម៉ាញ៉េស្យូម អាចជួយកាត់បន្ថយ ហានិភ័យនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងកាត់បន្ថយសម្ពាធឈាម។

៧.លើកកម្ពស់ថាមពល
អយស្ទ័រមានផ្ទុកវីតាមីន B12 ដែលអាចជួយបង្កើនថាមពល និងកែប្រែអាហារដែលយើង បរិភោគទៅជាថាមពល។ អយស្ទ័រ ក៏មានផ្ទុកជាតិដែក ដែលអាចជួយដឹកជញ្ជូនអុកស៊ីសែន ទៅកាន់កោសិការបស់រាងកាយ ដើម្បីផ្គត់ផ្គង់ថាមពលផងដែរ។

៨.ល្អសម្រាប់ឆ្អឹង
វត្តមាននៃសារធាតុ ស៊ីលីស្យូម ស្ពាន់ធ័រ ជាតិដែក ផូស្វ័រ និងកាល់ស្យូម ត្រូវបានគេរកឃើញនៅក្នុងអយស្ទ័រ អាចជួយពង្រឹងឆ្អឹង នៅក្នុងរាងកាយឲ្យមានភាពរឹងមាំ។

៩.ជួយពង្រឹងសុខភាពផ្លូវភេទ
ស័ង្កសី នៅក្នុងអយស្ទ័រ ត្រូវបានគេចាត់ទុកជា ភ្នាក់ងាររំញោចផ្លូវភេទ ដ៏ល្អប្រសើរបំផុត។ ស័ង្កសី អាចជួយឲ្យរាងកាយផលិតអ័រម៉ូន estrogen ដែលជាអ័រម៉ូនដ៏សំខាន់ក្នុងការកំណត់ ចំណង់ផ្លូវភេទរបស់ស្ត្រី និងបុរស។

ចំពោះបុរស ការស្រាវជ្រាវបានបង្ហាញថា សារធាតុរ៉ែទាំងនេះ អាចជួយបង្កើនចំនួន និងសមត្ថភាពមេជីវិតឈ្មោល។ ចំពោះស្ត្រី ស័ង្កសី អាចជួយរក្សាតុល្យភាពនៃកម្រិតអ័ម៉ូន estrogen, progesterone និង testosterone ឲ្យមានស្ថិតភាព៕

Most Popular

To Top