ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់ ជាឱសថធម្មជាតិ ដែលអាចព្យាបាលជំងឺរាប់មុខ ព្រោះវាមានផ្ទុកសារធាតុ សំខាន់ជាច្រើន។ សូម្បីតែផលិតផលកែសម្ផស្ស និងថ្នាំព្យាបាលជំងឺមួយចំនួន ក៏ត្រូវបានគេផ្សំឡើងពីទឹកឃ្មុំដែរ។ ប៉ុន្តែថ្ងៃនេះយើងសូមបង្ហាញពី របៀបប្រើប្រាស់ទឹកឃ្មុំ ដើម្បីបង្ការ និងព្យាបាលជំងឺហឺត។
ទឹកឃ្មុំ និងទឹកក្រូចពណ៌លឿង
រូបមន្តមួយនេះពិតជា សមស្របបំផុតសម្រាប់កុមារ ដែលក្អកហឺត។ បន្ថែមទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្រូចពណ៌លឿងមួយពែង ហើយកូរឲ្យរលាយចូលគ្នា ទើបទទួលទានទាំងអស់។ ក្នុងមួយថ្ងៃអ្នកត្រូវទទួលទាន ពីរដងរហូតទាល់តែអាការក្អក និងជំងឺហឺតចុះខ្សោយ។
ទឹកឃ្មុំ ខ្ទឹមបារាំង និងម្រេចខ្មៅ
វិធីសាស្ត្រមួយនេះអាចកាត់បន្ថយ បញ្ហាផ្លូវដង្ហើមដោយសារតែក្អក និងមិនស្រួលក្នុងដើមទ្រូង។ បន្ថែមទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ទឹកខ្ទឹមបារាំងកន្លះពែង និងម្រេចខ្មៅបន្តិច។ ទទួលទានមួយថ្ងៃម្តង ជំងឺហឺត នឹងឆាប់ធូរស្បើយឡើងវិញ។
ទឹកឃ្មុំ និងក្រូចឆ្មារ
វីតាមីន C នៅក្នុងក្រូចឆ្មារ អាចជួយបង្កើនប្រព័ន្ធ ភាពស៊ាំឲ្យកាន់តែមានភាពរឹងមាំ។ មិនតែប៉ុណ្ណោះវាក៏មានផ្ទុកសារធាតុអង់ទីអុកស៊ីដង់ ដែលអាចជួយសម្លាប់បាក់តេរី ប្រកបដោយប្រសិទ្ធភាព។ ចំណែកឯ ទឹកឃ្មុំ អាចជួយសម្រួលដល់ ការរលាកនៃរាងកាយ ដើម្បីបំបាត់ជំងឺហឺត។
លាយទឹកក្រូចឆ្មារកន្លះស្លាបព្រាបាយ ជាមួយនឹងទឹកឃ្មុំកន្លះស្លាបព្រាបាយ ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ។ ទទួលទានមួយថ្ងៃមួយដង រយ:ពេលមួយខែ ជំងឺហឺត នឹងឆាប់ធូរស្រាល៕