ជម្ងឺឆ្លងតាមផ្លូវដង្ហើម តែងជួបប្រទះញឹកញាប់ នៅអំឡុងរដូវភ្លៀង ឬរដូវរងា ដូចជា រលាកច្រមុះ តឹងច្រមុះ គ្រុនផ្តាសាយ ហៀរសំបោរ។ល។ ដូច្នេះអ្នកគួរថែទាំខ្លួនឲ្យបានល្អ ពេលមានអាការទាំងនេះ…។
• ប្រសិនបើមានអាការតឹងច្រមុះ ហៀរសំបោរ គួរជៀសវាងអាកាសធាតុត្រជាក់ ជាពិសេសម៉ាស៊ីនត្រជាក់ កង្ហារ កុំពិសារ ឬងូតទឹកត្រជាក់ ហើយប្រសិនបើចង់បើកម៉ាស៊ីនត្រជាក់ ត្រូវកម្រិតសីតុណ្ហភាពឲ្យខ្ពស់ជាង ២៥អង្សារ ដើម្បីកុំឲ្យខ្យល់ត្រជាក់ពេក។ ករណីប្រើកង្ហារ កុំបើកលេខខ្លាំងពេក គួរគេងឆ្ងាយពីម៉ាស៊ីនសម្រូបខ្យល់អាកាស ឬកង្ហារ ព្រោះខ្យល់ត្រជាក់ធ្វើឲ្យរាងកាយទន់ខ្សោយ ប្រព័ន្ធការពាររាងកាយចុះខ្សោយ អាចនាំឲ្យរលាកច្រមុះ រមាស់ច្រមុះ តឹងច្រមុះ កណ្តាស់ ឬហៀរសំបោរ បំពង់ខ្យល់រួម ក្អកមានស្លេស។ គួរឲ្យរាងកាយកក់ក្តៅ គេងដណ្តប់ភួយ ពាក់ស្រោមជើង ពាក់អាវក្រាស់ៗ ឬពាក់អាវ២ជាន់ ខោវែង។ ករណីសំបោរនៅក្នុងរន្ធច្រមុះច្រើន ឬ តឹងច្រមុះ គ្រូពេទ្យអាចណែនាំឲ្យឆ្ពុងច្រមុះ ដោយចំហាយទឹកពុះជួយឲ្យ អាការធូរស្រាលបាន។
• ប្រសិនបើមានអាការឈឺ ក ឬក្រហាយផ្សា គួរពិសារអាហារទន់ៗ ដូចជាបបរសាមចូក បបរក្តៅៗ ចៀសវាងអាហារហឹរពេក ប្រៃពេក កុំពិសារបារី ឬគ្រឿងស្រវឹង ជៀសវាងការប្រើប្រាស់សំលេងមួយរយៈ សម្អាតមាត់ឲ្យបានញឹកញាប់ ជាពិសេសក្រោយពេលពិសារអាហារ ដោយដុះធ្មេញខ្ពុលមាត់ ទឹកអំបិលក្តៅឧណ្ណៗ ឬទឹកសុទ្ធព្រោះការដែលមិនសម្អាតមាត់ធ្មេញ និងបំពង់ ក កាន់តែធ្វើឲ្យរលាកខ្លាំងថែមទៀត។
• បើមានអាការក្អួត គួរជៀសវាងភាពត្រជាក់ ដូចជា ខ្យល់អាការត្រជាក់ ការពិសារឬងូតទឹកត្រជាក់ ការពិសារការ៉េមជាដើម។ គួរពិសារ ឬងូតទឹកក្តៅឧណ្ណៗ គួរបិទមាត់ច្រមុះ ពេលក្អក ឬកណ្តាស់ដោយក្រណាត់ស្អាត។
• បើមានអាការស្ងួតបំពង់ ក គួរបន្ថយការប្រើសំលេងបណ្តោះអាសន្ន មិនគួរស្រែកខ្លាំងៗ។
• គួររកមូលហេតុដែលនាំ ឲ្យឆ្លងរោគផ្លូវដង្ហើម។ ប្រសិនបើអ្នកមានប្រព័ន្ធការពាររាងកាយល្អ នឹងមិនងាយឈឺទេ។ មូលហេតុផ្សេងៗដែលនាំឲ្យប្រព័ន្ធរាងកាយចុះខ្សោយ មានដូចជា តប់ប្រមល់ គេងមិនគ្រប់គ្រាន់ ប៉ះខ្យល់ត្រជាក់ពេក។
• គួរឈប់ជក់បារី ឬជៀសវាងផ្សេងបារី ផ្អាកហែលទឹក ឬលេងជ្រមុជទឹក ព្រោះអាចឆ្លងរោគចូល ទៅក្នុងប្រព័ន្ធផ្លូវដង្ហើមបាន។
• ថែទាំសុខភាពឲ្យបានមាំមួន ពិសារមានប្រយោជន៍គ្រប់ ជំពូកទាំងបន្លែផ្លែឈើ និងជៀសវាងស្ថិតក្នុងបរិយាកាសកុះករពេក មានធូលីដីហុយ ផ្សែងសារធាតុគីមី ជាតិពុលកខ្វក់ ឬមានការប្រែប្រួល សីតុណ្ហភាពឆាប់រហ័ស។ គួរនៅកន្លែងដែលមានខ្យល់ អាកាសចេញចូលស្រួល ហាត់ប្រាណរាល់ថ្ងៃ កុំអត់ងងុយ ពិសារទឹកក្តៅញឹកញាប់ មិនថានៅពេលណា ឬទីណា គួរនៅឲ្យឆ្ងាយពីអ្នកជម្ងឺ ដើម្បីជៀសវាងការឆ្លងរោគ ហើយពេលបានធូរស្បើយ ក៏គួរប្រតិបត្តិតាមការណែនាំទាំងនេះ យ៉ាងតិច១សប្តាហ៍បន្ថែមទៀត។