ប្រេស៊ីល៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ប្រជាជនប្រេស៊ីល បានចាប់ផ្តើមនាំគ្នា បំពុលសម្លាប់សត្វស្វា ដោយសារការភ័យខ្លាច ដោយការដាក់ខុសលើពួកសត្វទំាងនេះ ចំពោះការផ្ទុះឡើង នៃជំងឺអុតស្វានាពេលបច្ចុប្បន្ននេះ។
របាយការណ៍ក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់សត្វស្វាចំនួន ១០ ក្បាលត្រូវបានបំពុល ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ នៅទីក្រុង Sao Jose do Rio Preto រដ្ឋ Sao Paulo ។ ឧប្បត្តិហេតុស្រដៀងគ្នានេះ ត្រូវបានរាយការណ៍ នៅទីក្រុងផ្សេងទៀត ដែលអំពាវនាវ ឲ្យអង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារដើម្បីឲ្យមនុស្ស កុំឲ្យសម្លាប់សត្វ ដោយសារជំងឺ។
លោកស្រី Margaret Harris អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវថា មនុស្សត្រូវតែដឹងថា ការឆ្លងដែលយើងឃើញនៅពេលនេះ គឺស្ថិតនៅក្នុងចំណោមមនុស្ស។ នេះបើយោងតាម WHO ថា ប្រេស៊ីល រាប់ករណីកើតជំងឺអុតស្វាជាង ១៧០០ ករណី ។
ក្រសួងសុខាភិបាលប្រទេសនេះ បានបញ្ជាក់ពីការស្លាប់ម្នាក់ ទាក់ទងនឹងជំងឺនេះកាលពីថ្ងៃទី ២៩ ខែកក្កដា ជាបុរសម្នាក់ដែលមានអភ័យឯកសិទ្ធិទាប និងមានជំងឺ។ លោកស្រី Harris បានបន្តថា ការឆ្លងអាចកើតឡើង ពីសត្វទៅមនុស្ស ប៉ុន្តែការផ្ទុះឡើងនាពេលថ្មីៗនេះ គឺទាក់ទងនឹងទំនាក់ទំនង របស់មនុស្សតែប៉ុណ្ណោះ៕ ដោយ៖លី ភីលីព