នៅថ្ងៃទី ០១ ខែកក្កដា សារព័ត៌មាន TMZ បានរាយការណ៍ថា ភរិយារបស់ Kanye West គឺ Bianca Censori ត្រូវបានគេចោទប្រកាន់ថាបានបញ្ជូនរឿងអាសអាភាសទៅបុគ្គលិកម្នាក់ បន្ទាប់ពីប្តីរបស់នាងបានប្រកាសឈានជើងចូលប្រឡូកក្នុងអាជីវកម្មភាពយន្តអាសអាភាស។ មាតិកាអាសអាភាសនេះអាចចូលប្រើបានយ៉ាងងាយស្រួលដោយបុគ្គលិកមិនទាន់គ្រប់អាយុ របស់គម្រោងតម្លើង App របស់ Kanye West។ ទោះជាយ៉ាងណាក៏ដោយ Bianca Censori មិនត្រូវបានជាប់ឈ្មោះជាចុងចោទទេ ប៉ុន្តែជាបុគ្គលដែលពាក់ព័ន្ធ។
Kanye West ក៏មានបញ្ហាចំពោះច្បាប់ដែរ ដោយសារគម្រោងអាជីវកម្មមួយដែលមានឈ្មោះថា Yeezy Porn។ តារារ៉េប និងជំនួយការជិតស្និទ្ធរបស់ខ្លួនឈ្មោះ Milo Yiannopoulos ត្រូវបានចោទប្រកាន់ពីបទមិនបើកប្រាក់ខែឲ្យបុគ្គលិក។ ក្រោយមកបុគ្គលិកទាំងពីរនាក់នេះ បានចោទ Kanye ថា “បង្ខំឱ្យធ្វើការ ដោយអំពើឃោរឃៅ និងអមនុស្សធម៌ ធ្វើឲ្យអាម៉ាស់ជាខ្លាំង“។ ពួកគេបាននិយាយថា ខ្លួនទទួលរងការរើសអើងជាតិសាសន៍ ហើយត្រូវបានគេហៅថា “ទាសករថ្មី” នៅពេលដែលពួកគេចូលថតវីដេអូឥ្យ Yeezy Porn និងកម្មវិធីតន្ត្រី YZYVSN របស់ Kanye West ដែលប្រកួតប្រជែងជាមួយ Apple Music និង Spotify ទៀតផង។
Kanye West និង Milo Yiannopoulos ត្រូវបានចោទប្រកាន់ថាបានជួលអ្នកសរសេរកម្មវិធីមកពីជុំវិញពិភពលោក ដើម្បីបង្កើតកម្មវិធី លើ App របស់ពួកគេ រួមទាំងអ្នកខ្លះនៅក្មេង ពោលមានអាយុ ទើប ១៤ ឆ្នាំប៉ុណ្ណោះ។ យោងតាមឯកសាររបស់តុលាការ បុគ្គលិកទាំងនោះធ្វើការពីចម្ងាយ ហើយជារឿយៗទាក់ទងគ្នាតាមរយៈ Slack និង Zoom។
មនុស្សទាំងនេះបាននិយាយថា Milo Yiannopoulos បានសន្យានឹងពួកគេឲ្យលុយ ១២០,០០០ដុល្លារ នៅពេលធ្វើ App បានជោគជ័យ សម្រាប់លក្ខខណ្ឌថាពួកគេធ្វើការបន្ថែមម៉ោងទាំងយប់ទាំងថ្ងៃ ហើយមិនត្អូញត្អែរទៀត។ ពួកគេត្រូវបានតម្រូវឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់ ហើយកិច្ចសន្យារបស់ពួកគេនឹងត្រូវបានបញ្ចប់ដោយគ្មានប្រាក់ឈ្នួល។ អ្នកសរសេរកម្មវិធីជាច្រើនបានរាយការណ៍ថា អ្នកគ្រប់គ្រងស្បែកស តែងតែប្រើភាសាប្រមាថ ដោយផ្អែកលើអាយុ ភេទ ពូជសាសន៍ និងទំនោរផ្លូវភេទ។
អ្នកសរសេរកម្មវិធីមួយក្រុមនេះបានប្តឹង Kanye West និង Milo Yiannopoulos ដោយទាមទារសំណង សម្រាប់ប្រាក់ឈ្នួលដែលមិនបានទទួល ក៏ដូចជាប្រាក់បន្ថែមម៉ោង ពិសេសគឺសំណងជំងឺចិត្ត។
ទំនងឃើញស្ថានភាពហាក់ដូចមិនស្រួល Milo Yiannopoulos ក៏បានរើបម្រះ “រត់ចេញ” មុនមានរឿងធំជាងនេះ។ កាលពីខែឧសភា ឆ្នាំមុន Milo Yiannopoulos បានលាលែងពីក្រុមហ៊ុន Yeezy របស់ Kanye West។
Kanye West បច្ចុប្បន្នជាប់ពាក់ព័ន្ធនឹងបណ្តឹងមួយចំនួនទៀត។ តារារ៉េបរូបនេះត្រូវបានប្តឹងដោយអតីតជំនួយការរបស់លោកគឺ Lauren Pisciotta ទាក់ទងនឹងករណីបៀតបៀនផ្លូវភេទ ការផ្ញើសារអាសអាភាសញឹកញាប់ និងអាកប្បកិរិយាមិនសមរម្យ។ លើសពីនេះ បុគ្គលិកនៅ Donda Academy (សាលាសហអប់រំដែលបង្កើតឡើងដោយ Kanye West ឥឡូវនេះត្រូវបានបិទ) ក៏បានដាក់ពាក្យប្តឹងតារារ៉េបរូបនេះ ពីបទរើសអើង យាយី និងបង្កើតបរិយាកាសការងារគួរឲ្យខ្លាច៕