សុខភាព និង ផ្លូវភេទ

ផ្លែម្រុំអាចមាន អត្ថប្រយោជន៍អ្វីខ្លះ ចំពោះសុខភាព?

ម្រុំកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងពេល បច្ចុប្បន្នពីគុណសម្បត្តិ របស់វាចំពោះសុខភាព ដោយសារវាមានសមត្ថភាព ជួយព្យាបាលសុខភាព ច្រើនមុខ ដោយវាអាចការពារបញ្ហារលាក បំបាត់សារធាតុអុកស៊ីដកម្ម និងជួយការពារជាលិកា។

គុណសម្បត្តិរបស់ម្រុំមានតាំងពីឬស សម្បកដើម ស្លឹក គ្រាប់ ផ្កា និងផ្លែ។ ខាងក្រោមនេះជាគុណសម្បត្តិទាំង៩ យ៉ាងរបស់ម្រុំ៖

១.សម្បូរអាហាររូបត្ថម្ភៈ ស្លឹកម្រុំសម្បូរដោយវីតាមីន រ៉ែខនិជ និងអាមីណូអស៊ីដច្រើន។ វីតាមីនក្នុងស្លឹកម្រុំ មានដូចជាវីតាមីន A C E កាល់ស្សូម ប៉ូតាស្យូម និងប្រូតេអ៊ីនផ្សេងៗ។

២.ប្រឆាំងនិងរ៉ាឌីកាល់សេរីៈ សារធាតុប្រឆាំងអុកស៊ីដកម្ម និងម៉ូលេគុលមានច្រើនអាចជួយបន្ថយស្រេ្តស ការពារកោសិកាខូច និងកាត់បន្ថយបញ្ហារលាកស្ទើរតែគ្រប់ប្រភេទជំងឺ។

៣.កាត់បន្ថយបញ្ហារលាកៈ បញ្ហារលាកដែលបណ្តាលមកពីជំងឺរុំារ៉ៃ បញ្ហាផ្លូវដង្ហើម ជំងឺបេះដូង បញ្ហារលាកសន្លាក់ និង បញ្ហាធាត់ម្រុំអាចជួយបាន ដោយវាជួយបន្ថយសារធាតុអង់សហ្ស៊ីមដែលបណ្តាលឲ្យរលាកនៅតាមសន្លាក់ឆ្អឹង និងកោសិកា។

៤.កាត់បន្ថយអត្រាឈានទៅកើតជំងឺទឹកនោមផ្អែមៈ ម្ស៉ៅដែលចម្រាញ់មកពីស្លឹកម្រុំមានប្រសឹទ្ធភាពខ្ពស់ ជួយកាត់បន្ថយជាតិស្ករលីពីត និងគ្លុយកូស បន្ថយអស៊ីឌ និងរក្សាលំនឹងជាតិស្ករក្នុងឈាម ជាពិសេសចំពោះអ្នកមានជំងឺទឹកនោមផ្អែម វាក៏ជួយកាត់បន្ថយកម្រិតកូឡេស្តូរ៉ល និងការពារកោសិកា។

៥.ការពារបេះដូងៈ ស្លឹកម្រុំអាចជួយដល់សុខភាពបេះដូងបានច្រើន ដោយវាអាចជួយកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងសរសៃឈាម កាត់បន្ថយកូឡេស្តូរ៉ល។

៦.ពង្រឹងសុខភាពខួរក្បាលៈ ស្លឹកម្រុំជួយពង្រឹងសុខភាពខួរក្បាល ដោយវាអាចកាត់បន្ថយអុកស៊ីដកម្ម និងពង្រឹងប្រព័ន្ឌសរសៃប្រសាទ ហើយវាក៏អាចជួយពង្រឹងការចងចាំចំពោះអ្នកជំងឺបាត់ការចងចាំបានថែមទៀតផង។ បន្ថែមពីនេះវាក៏សម្បូរដោយវីតាមីន E C អាចជួយទប់ស្កាត់ និងជួយទប់លំនឹងសារធាតុសេរ៉ូតូនីន និងសារធាតុសំខាន់ៗមួយចំនួនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពខួរក្បាល។ វាអាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងការពារមុខងារសរីរាង្គខួរក្បាល កាត់បន្ថយបញ្ហាជំងឺសរសៃប្រសាទ និងអារម្មណ៍តានតឹង។

៧.ការពារថ្លើមៈ ក្នុងម្រុំទាំងមួល ជាពិសេសស្លឹក និងផ្កាមានបណ្តុំផ្តុកដោយសារធាតុប៉ូលីហ្វេណុល ដែលជួយការពារប្រឆាំងជាតិពុល និងភាពខូចខាតនៃមុខងារថ្លើម។ បន្ថែមពីនេះវាក៏ជួយពង្រឹងសារធាតុអង់ហ្ស៊ីមក្នុងថ្លើមឲ្យមានលំនឹង និងបង្កើនប្រូតេអ៊ីនចិញ្ចឹមថ្លើម។

៨.ជួយកម្ចាត់បាក់តេរីៈ ម្រុំទាំងមូលមានសមត្ថភាពប្រឆំាំងមេរោគពពួកផ្សិត បាក់តេរី និងការពារជំងឺផ្សេងៗ ជាពិសេសបញ្ហាផ្សិតលើស្បែក និងបន្ថយបញ្ហាបន្ទោរបង់ និងកម្ចាត់មេរោគបាក់តេរីនៅក្នុងពោះវៀន។

៩.ពន្លឿនការព្យាបាលជំងឺឲ្យឆាប់ជាសះ: ទឹកចម្រាញ់ពីម្រុំស្លឹក ឬស និងគ្រាប់ មានផ្ទុកសមាសធាតុសំខាន់ជួយព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ និងកាត់បន្ថយភាពកកស្ទះតាមសរសៃឈាមនៃរាងកាយ និងជួយពន្លឿនការព្យាបាលបានឆាប់ ទាំងបញ្ហាដាច់ស្បែក រលាត់មុត និងដំប៉ៅផ្សេងៗ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top