ព័ត៌មានអន្តរជាតិ

កងយន្តហោះចម្បាំង ទ័ពអាកាសអាមេរិក ប្រមូលផ្តុំគ្នា នៅអាល្លឺម៉ង់ សម្រាប់សមយុទ្ធដ៏ធំ

បរទេស ៖ កងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃពុធ សប្ដាហ៍នេះថា កងយន្តហោះចម្បាំង របស់កងទ័ពអាកាស អាមេរិក ប្រចាំនៅអឺរ៉ុប និងកងកម្លាំងទ័ពអាកាសប្រចាំ នៅអាហ្វ្រិក បានជួបជុំគ្នា នៅមូលដ្ឋានទ័ពអាកាស Spangdahlen ក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់សមយុទ្ធកងកម្លាំងដ៏ធំ ។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយ កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការជួបជុំគ្នានៅថ្ងៃទី០១ ខែកក្កដា បានធ្វើឲ្យយន្តហោះប្រចាំ នៅទូទាំងអឺរ៉ុបប្រមូលផ្តុំគ្នា សម្រាប់សមយុទ្ធមួយ ផ្តោតលើការចូលរួមគ្នា ក្នុងទម្រង់ជាច្រើន ដើម្បីធ្វើឲ្យប្រសើរឡើង នូវការត្រៀមខ្លួនជាស្រេច និងបង្កើនភាពជំនាញ ដែលចាំបាច់ក្នុងរក្សា កងកម្លាំងត្រៀមខ្លួនរួចរាល់ ដើម្បីធានាដល់់កិច្ចការពាររួមគ្នា របស់សម្ពន្ធមិត្តណាតូ។

លោក Patrick Kennedy ជាមេបញ្ជាការកងកម្លាំង យន្តហោះចម្បាំងលេខ៤៨០ បាននិយាយយ៉ាងដូច្នេះថា “សមយុទ្ធទាំងនេះ ជួយកសាងកងកម្លាំង ប្រយុទ្ធដែនអាកាសជំនាន់ថ្មី។ គោលដៅ គឹដើម្បីផ្តល់ការហ្វឹកហាត់ប្រយុទ្ធពិត ដែលអាចប្រឈមមុខ នឹងកងកម្លាំងសត្រូវទំនើប” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top