បរទេស៖ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ទីរបញ្ចកោណបានរាយការណ៍ថា ចំនួនករណីឆ្លងជម្ងឺកូវីដ១៩ នៅក្នុងចំណោមយោធាសហរដ្ឋអាមេរិក បានកើនឡើងហួស៣០.០០០ករណី នៅក្នុងសប្ដាហ៍នេះ។
ក្រសួងការពារជាតិ សហរដ្ឋអាមេរិក នៅក្នុងពេលបច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន៣០.៣៩២ករណី នៅក្នុងចំណោមបុគ្គលិកយោធាអាមេរិក ជាមួយនឹងជនស៊ីវិល បុគ្គលិកជាប់កុងត្រា និងករណីផ្សេងទៀត នាំឲ្យមានករណីកូវីដ១៩ របស់ក្រសួងការពារជាតិ សរុបមានចំនួន៤៣.៦៣៤ គិតត្រឹមរសៀលថ្ងៃសុក្រសប្ដាហ៍នេះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីអាមេរិកបាននិយាយថា បើទោះជាមានករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៨៥៦ករណី ត្រូវបានគេរកឃើញនៅក្នុងសប្ដាហ៍នេះ ដោយកើនឡើង ចំនួន១០ភាគរយ លើសប្ដាហ៍មុនក៏ដោយ ក៏ចំនួនករណីថ្មី កំពុងតែមានចំនួនថយចុះ៕ ប្រែសម្រួល៖ប៉ាង កុង