ព័ត៌មានអន្តរជាតិ

ប្អូនប្រុសប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ទទួលមរណភាព នៅអាយុ៧១ឆ្នាំ

បរទេស៖ ប្អូនប្រុសរបស់ប្រធានាធិបតី អាមេរិកដូណាល់ត្រាំ គឺលោក រ៉ូបឺត ត្រាំ បានទទួលមរណភាពហើយ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ផ្លូវការពីលេខាធិការសារព័ត៌មាន របស់ប្រធានាធិបតីអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក រ៉ូបឺត ត្រាំ ដែលជាប្អូនប្រុសប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានទទួលមរណភាពនៅថ្ងៃទី ១៥ ខែសីហា ក្នុងអាយុ ៧១ ឆ្នាំ។ យោងតាមកាសែត Washington Post លោករ៉ូប៊ឺត កើតនៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ១៩៤៨ ។

ប្រធានាធិបតីអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីការស្លាប់នេះផងដែរ។

លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍នោះថា «ខ្ញុំពិតជាមានទុក្ខក្រៀមក្រំ ខ្ញុំចែករំលែកថា ប្អូនប្រុសដ៏អស្ចារ្យរបស់ខ្ញុំ រ៉ូបឺតបានទទួលមរណភាពនៅយប់នេះ។ គាត់មិនត្រឹមតែជាបងប្អូនខ្ញុំទេគាត់គឺជាមិត្តល្អបំផុតរបស់ខ្ញុំ»។

សូមជម្រាបថា មុននេះលោក ដូណាល់ ត្រាំ បានបង្ហើបថា ប្អូនប្រុសរបស់លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ។ កាលពីថ្ងៃសុក្រ លោក ត្រាំ បានទៅសួរសុខទុក្ខប្អូនប្រុស របស់គាត់នៅមន្ទីរពេទ្យ មុនពេលចាកចេញទៅក្លឹបវាយកូនហ្គោល របស់គាត់នៅរដ្ឋ New Jersey ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top