ព័ត៌មានអន្តរជាតិ

វីដេអូកងកម្លាំង ទ័ពអាកាសចិនហាក់បង្ហាញ ការសមវាយប្រហារលើ មូលដ្ឋានទ័ពអាកាសអាមេរិក នៅកោះហ្គាម

បរទេស៖ កងកម្លាំងទ័ពអាកាស របស់ប្រទេសចិន នាពេលថ្មីៗនេះ បានបង្ហាញវីដេអូមួយបង្ហាញឲ្យឃើញយន្តហោះ ទម្លាក់គ្រាប់សមត្ថភាព នុយក្លេអ៊ែ H-6 ធ្វើការហាត់សមវាយប្រហារលើអ្វីដែលហាក់ ជាមូលដ្ឋានទ័ពអាកាស Andersen ស្ថិតនៅលើកោះហ្គាម ស្របពេលដែលភាពតានតឹង ក្នុងតំបន់បន្តកើនកម្តៅ ខ្លាំងឡើង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា វីដេអូ ដែលចេញនៅថ្ងៃសៅរ៍លើគណនី Weibo របស់កងទ័ពអាកាសចិននោះ គឺបានកើតមានស្របពេលដែលចិនធ្វើសមយុទ្ធនៅថ្ងៃទីពីរ ជិតកោះតៃវ៉ាន់ដែលចិន អះអាងកម្មសិទ្ធិ ដើម្បីបង្ហាញពីកំហឹងរបស់ចិន ចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ។

គួរបញ្ជាក់ថា កោះហ្គាម គឺជាទីតាំងរបស់អគារយោធា សហរដ្ឋអាមេរិកដ៏ចម្បងនានា ដែលរួមមានទាំងមូលដ្ឋាន ទ័ពអាកាស ដែលនឹងជាប្រការដ៏សំខាន់ ក្នុងការឆ្លើយតបចំពោះជម្លោះណាមួយ ដែលអាចកើតមាន នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top