ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន ចេញការប្រឆាំងនឹងការរិះគន់ របស់ក្រុមប្រឹក្សាយូអិន អំពីការឃុំខ្លួន អតីតប្រធានក្រុមហ៊ុន Nissan កន្លងមក

តូក្យូ៖ ប្រទេសជប៉ុន បានធ្វើការតវ៉ាប្រឆាំងនឹងក្រុមការងារ របស់អង្គការសហប្រជាជាតិ ដែលបានធ្វើការថ្កោលទោស ចំពោះការឃុំខ្លួនអតីតប្រធានក្រុមហ៊ុន Nissan Motor Co លោក Carlos Ghosn នៅទីក្រុងតូក្យូ ជុំវិញការចោទប្រកាន់ពីការធ្វើខុសផ្នែកហិរញ្ញវត្ថុថា ជាការចោទប្រកាន់ខុសច្បាប់ ។

របាយការណ៍ថ្មីៗដែលត្រូវបានចងក្រង ដោយក្រុមការងារងង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួនដោយមិនសមហេតុផល បានអះអាងថា ការប្រព្រឹត្តរបស់រដ្ឋអាជ្ញាទីក្រុងតូក្យូ គឺមិនសមហេតុផលទាក់ទងនឹងការឃុំខ្លួន លោក Ghosn នៅមុនការជំនុំជម្រះក្តីដែលរំពឹងទុករបស់លោក។

ប្រភពបានឲ្យដឹងថា ក្រសួងការបរទេសជប៉ុន បានដាក់ការតវ៉ា នៅថ្ងៃសុក្រនេះដោយថាទស្សនៈរបស់ក្រុមប្រឹក្សាយូអិន មិនមែនផ្អែកលើការយល់ដឹង ត្រឹមត្រូវអំពីប្រព័ន្ធច្បាប់របស់ជប៉ុន នោះទេ។

របាយការណ៍របស់គណៈកម្មាធិការនេះ គាំទ្រការអះអាងរបស់លោក Ghosn ដែលថាលោកត្រូវបានឃុំខ្លួនអស់ រយៈពេលជាយូរមកហើយ ក្រោមលក្ខខណ្ឌធ្ងន់ធ្ងរហើយបានអំពាវនាវ ឱ្យរដ្ឋាភិបាលជប៉ុន បើកការស៊ើបអង្កេតពេញលេញ និងឯករាជ្យលើបញ្ហានេះ និងចាត់វិធានការសមស្រប ចំពោះអ្នកដែលទទួលខុសត្រូវ ចំពោះការរំលោភបំពាននេះ នៃសិទ្ធិរបស់លោក៕

ដោយ ឈូក បូរ៉ា

Most Popular

To Top