ព័ត៌មានអន្តរជាតិ

ជំនួយចំណីអាហារ យូអិនដល់កូរ៉េខាងជើង កំពុងជាប់គាំងក្រោមបិទព្រំដែន 

បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង បានឲ្យដឹងថា ជំនួយចំណីអាហារសម្រាប់កុមារនិងស្ត្រីមានផ្ទៃពោះ កូរ៉េខាងជើង កំពុងត្រូវបានពន្យាពេល ដោយសារតែការបិទព្រំដែន។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅពេលថ្មីៗនេះថា ប្រភពមួយនៅក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយថា ជំនួយចំណីអាហារពីកម្មវិធីចំណីអាហារពិភពលោករបស់អង្គការសហប្រជាជាតិ មិនបានទៅដល់ដៃប្រជាជនងាយរងគ្រោះបំផុតរបស់កូរ៉េខាងជើងទេ ស្របពេលមានការរាតត្បាតមេរោគកូរ៉ូណា។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង អនុញ្ញាតឲ្យទំនិញនានាឆ្លងកាត់តាមព្រំដែនចម្ងាយ៨៨០ម៉ាយរបស់ខ្លួនជាមួយប្រទេសចិន ប៉ុន្តែបន្ទាប់ពីមានជម្ងឺកូវីដ១៩មក រដ្ឋាភិបាលបានបិទព្រំដែនប្រទេសខ្លួន ហើយជំនួញនានាជាមួយចិន បានធ្លាក់ចុះជាខ្លាំង នៅក្នុងឆ្នាំ២០២០។

ប្រភពពីកូរ៉េខាងត្បូង បាននិយាយប្រាប់ថា ជំនួយចំណីអាហារកម្មវិធីចំណីអាហារពិភពលោក ត្រូវតែធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ ហើយមន្ត្រីអង្គការសហប្រជាជាតិ ត្រូវការចូលទៅក្នុងប្រទេសនេះ សម្រាប់ការឃ្លាំមើលគោលបំណងនានា ប៉ុន្តែការរឹតបន្តឹងរបស់កូរ៉េខាងជើងលើមន្ត្រីបរទេស កំពុងតែរារាំងមិនឲ្យតាមដានពីជំនួយ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top