ព័ត៌មានអន្តរជាតិ

សឹង្ហបុរី ទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដំបូងរបស់ក្រុមហ៊ុន Sinovac របស់ប្រទេសចិន

បរទេស៖ ក្រសួងសុខាភិបាល (MOH) សឹង្ហបុរី បាននិយាយកាលពីថ្ងៃពុធថា ប្រទេសសិង្ហបុរីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ដំបូងរបស់ក្រុមហ៊ុនចិន Sinovac កាលពីថ្ងៃអង្គារ (២៣ កុម្ភៈ) ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមក្រសួងសុខាភិបាលសឹង្ហបុរី ដែលបានកត់សម្គាល់ថា វ៉ាក់សាំងនេះ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងប្រទេសទេ ដោយបន្ថែមថា អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) កំពុងរង់ចាំការបញ្ជូនព័ត៌មានសម្រាប់ការវាយតម្លៃរបស់ខ្លួន។

ក្រសួងសុខាភិបាលបាននិយាយថា “Sinovac បានចាប់ផ្តើមបញ្ជូនទិន្នន័យដំបូង ហើយបច្ចុប្បន្ន (HSA) កំពុងរង់ចាំការបញ្ជូន របស់ Sinovac នូវរាល់ព័ត៌មានចាំបាច់ ដើម្បីធ្វើការវាយតម្លៃវិទ្យាសាស្ត្រ ឱ្យបានហ្មត់ចត់អំពីដំណើរការផលិតសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង នៅក្រោមដំណើរការពិសេសសម្រាប់ការឆ្លងរាលដាលនៃជំងឺរាតត្បាត” ។

វ៉ាក់សាំងដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Sinovac Biotech របស់ចិនត្រូវបានអនុម័តអោយប្រើប្រាស់ជាទូទៅ នៅក្នុងប្រទេសចិន ហើយត្រូវបានប្រើប្រាស់រួចហើយនៅហុងកុង និង ប្រទេស ឥណ្ឌូនេស៊ី។

រហូតមកដល់ពេលនេះ ប្រទេសសឹង្ហបុរី បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ចំនួន ២ប្រភេទ សម្រាប់ការប្រើប្រាស់។

ក្រសួងសុខាភិបាល បាននិយាយថា ប្រទេសសិង្ហបុរីបានទទួលការដឹកជញ្ជូនវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech មួយទៀតកាលពីថ្ងៃពុធ។ ការដឹកជញ្ជូនវ៉ាក់សាំងលើកដំបូង របស់សឹង្ហបុរី បានមកដល់កាលពីថ្ងៃទី ២១ ខែធ្នូមួយសប្តាហ៍បន្ទាប់ ពីការយល់ព្រមសម្រាប់ ការប្រើប្រាស់ត្រូវបានប្រកាស៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top