ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យប្រទេសនានា បន្តប្រើវ៉ាក់សាំង Oxford / AstraZeneca ប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រោះអត្ថប្រយោជន៍ របស់វាមានច្រើនជាងហានិភ័យ ជាមួយនឹងសក្តានុពលយ៉ាងខ្លាំង ក្នុងការការពារការឆ្លង និងការស្លាប់ពីការរាតត្បាត មួយនេះ។
បន្ទាប់ពីការពិនិត្យឡើងវិញ លើវ៉ាក់សាំង AstraZeneca ដោយគណៈកម្មាធិការប្រឹក្សាយោបល់ពិភពលោក ស្តីពីសុវត្ថិភាពវ៉ាក់សាំង (GACVS) ទាក់ទងនឹងការកកឈាម និងប្លាកែតទាបក្នុងចំណោមមនុស្សមួយចំនួន ដែលបានចាក់វ៉ាក់សាំង អង្គការសុខភាពពិភពលោក បានសន្និដ្ឋានថា ទិន្នន័យដែលមានមិនបង្ហាញពីការកើនឡើងជាទូទៅនៃលក្ខខណ្ឌនៃការកកឈាមនោះឡើយ នេះបើយោងតាមការអះអាង របស់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ។
លោក Tedros បានលើកឡើងថា “ជាលទ្ធផលគណៈកម្មាធិការ បានណែនាំថា អត្ថប្រយោជន៍របស់វ៉ាក់សាំង AstraZeneca លើសពីហានិភ័យរបស់ខ្លួន ដោយមានសក្តានុពលយ៉ាងខ្លាំង ក្នុងការការពារការឆ្លង និង ការស្លាប់ ពីជំងឺកូវីដ- ១៩ យើងជំរុញឱ្យបណ្តាប្រទេសនានា បន្តប្រើប្រាស់វ៉ាក់សាំង សំខាន់នេះ”។
យោងតាមប្រធានអង្គការ សុខភាពពិភពលោក បន្ទាប់ពីរយៈពេល ៦ សប្តាហ៍ នៃការថយចុះករណីជំងឺកូវីដ- ១៩ នៅក្នុងខែមករា និងកុម្ភៈ បច្ចុប្បន្នពិភពលោក កំពុងស្ថិតក្នុងការ តាមដានរយៈពេល ៤ សប្តាហ៍ជាប់ៗគ្នា នៃករណីកើនឡើងដោយចំនួន អ្នកស្លាប់នៅតែធ្លាក់ចុះ ប៉ុន្តែក្នុងអត្រាមួយទាប។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃ សុក្រ GACVS បានឲ្យដឹងថា ទិន្នន័យដែលមានមិន បានបង្ហាញ ពីការកើនឡើង ជាទូទៅនៃលក្ខខណ្ឌ នៃការកកឈាម ដូចជាការស្ទះសរសៃឈាមវ៉ែនជ្រៅ ឬការស្ទះសរសៃឈាមសួត បន្ទាប់ពីការទទួលវ៉ាក់សាំងបង្កាជំកូវីដ- ១៩ឡើយ៕
ដោយ ឈូក បូរ៉ា