ប៉េកាំង ៖ លោកស៊ី ជីនពីង អគ្គលេខាធិការគណៈកម្មាធិការកណ្តាល បក្សកុម្មុយនីស្តចិន បានលើកឡើងថា ប្រទេសចិន មានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើង និងគណបក្សពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់ដំណោះស្រាយ នយោបាយ នៃបញ្ហាឧបទ្វីបកូរ៉េ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីប ដើម្បីចូលរួម វិភាគទានថ្មីដល់សន្តិភាពស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ ។
លោកស៊ី បានធ្វើការកត់សម្គាល់នេះ នៅក្នុងការផ្លាស់ប្តូរសារ ដោយផ្ទាល់មាត់ជាមួយលោកគីម ជុងអ៊ុន អគ្គលេខាធិការគណបក្ស ពលករកូរ៉េ (WPK) នៃប្រទេសកូរ៉េខាងជើង។ សារទាំងនេះត្រូវបានថ្លែងដោយ លោក Song Tao រដ្ឋមន្រ្តីនាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិម បក្ស CPC និងលោក Ri Ryong Nam ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសចិន ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេ កាលពីថ្ងៃច័ន្ទ នៅទីក្រុងប៉េកាំង។
លោក Ri បានបញ្ចោញសារសម្ដីពីលោកគីម ជុងអ៊ុន ទៅកាន់លោកស៊ី បានផ្តល់នូវការសង្ខេបយ៉ាងទូលំទូលាយ ស្តីពីសមាជ WPK លើកទី ៨ និងបាននិយាយពីការពិតដែលថា ក្រោមការដឹកនាំរបស់ លោកស៊ី CPC និងប្រជាជនចិន បានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងវិបត្តិសុខភាពសាធារណៈសកល លោក សមិទ្ធិផលគួរឲ្យកត់សំគាល់ ក្នុងការបញ្ចប់ការកសាងសង្គម ប្រកបដោយភាពជឿនលឿន ក្នុងគ្រប់វិស័យនិងនៅក្នុងការតស៊ូ ដើម្បីលុបបំបាត់ភាពក្រីក្រពេញលេញ ។
លោកគីម បានឲ្យដឹងនៅក្នុងសារថា វាជាជំហរដែលមិនចុះខ្សោយរបស់លោក គឺ WPK និងប្រជាជនកូរ៉េខាងជើង ក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងកូរ៉េខាងជើង – ចិន ឲ្យពិភពលោកស្ញប់ស្ងែង និងជំរុញបុព្វហេតុសង្គម និយមដោយមិត្តភាព និងសាមគ្គីភាពបន្ថែមថា កូរ៉េខាងជើង ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពកូរ៉េខាងជើង – ចិន នឹងត្រូវបានលើកស្ទួយ និងអភិវឌ្ឍស្រប តាមតម្រូវការ នៃពេលវេលា ក៏ដូចជាសេចក្តីប្រាថ្នា បំណងប្រាថ្នា និងផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ ។
លោកបានបញ្ជូនសារផ្ទាល់មាត់ របស់លោកស៊ី ទៅកាន់លោក គីម ជុងអ៊ុន ផងដែរដែលក្នុងនោះលោកស៊ី បានអបអរសាទរម្តងទៀត ចំពោះការទទួលជោគជ័យ នៃសមាជលើកទី ៨ នៃ WPK ។ លោកស៊ី ជីនពីង បានលើកឡើងថា មិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើង គឺជាកំណប់ទ្រព្យដ៏មានតម្លៃ ដែលបានចែករំលែកដោយ គណបក្សទាំងពីរ ប្រទេស និងប្រជាជនទាំងពីរ៕
ដោយ ឈូក បូរ៉ា