វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអង់គ្លេស AstraZeneca PLC បានឲ្យដឹងថា វ៉ាក់សាំងការពារមេរោគឆ្លង របស់ខ្លួនមានប្រសិទ្ធភាព ៧៩ ភាគរយក្នុងការការពារជំងឺដែលបណ្តាលមកពីវីរុសកូវីដ-១៩ នៅក្នុងការពិសោធព្យាបាល ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក និងប្រទេសអាមេរិកខាងត្បូងចំនួនពីរ។
ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា អ្នកជំនាញមិនបានកំណត់ពីក្តីបារម្ភទាក់ទងនឹងសុវត្ថិភាពចំពោះវ៉ាក់សាំងនោះទេ រួមទាំងការកើនឡើងហានិភ័យនៃការកកឈាម។ ការកកឈាមក្នុងចំនោមអ្នក ដែលបានទទួលការចាក់ថ្នាំបង្ការរោគត្រូវបានគេរាយការណ៍នៅអឺរ៉ុប ដែលនាំឱ្យបារាំងនិងប្រទេសដទៃទៀត ផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន។
ក្រុមហ៊ុនជីវៈគីមីវិទ្យា បានឲ្យដឹងថា ខ្លួនកំពុងត្រៀមស្វែងរកការអនុញ្ញាតឱ្យប្រើជាបន្ទាន់ពីនិយតករឱសថអាមេរិកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ វ៉ាក់សាំង AstraZeneca ត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់នៅក្នុងប្រទេសជាង ៧០ នៅជុំវិញពិភពលោក។
យោងតាមការវិភាគបណ្តោះអាសន្ននៃការសាកល្បងរបស់សហរដ្ឋអាមេរិក ដែលមានអ្នកចូលរួមប្រហែល ៣២,០០០ នាក់វ៉ាក់សាំងនេះបានបង្ហាញពីប្រសិទ្ធភាព ៧៩ ភាគរយក្នុងការការពាររោគសញ្ញាជំងឺកូវីដ-១៩, ជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសនេះ និងប្រសិទ្ធភាព ១០០ ភាគរយក្នុងការការពារជំងឺធ្ងន់ធ្ងរ។
ការការពារលើវ៉ាក់សាំងនេះ មានភាពស៊ីសង្វាក់គ្នានៅទូទាំងជាតិសាសន៍ និងអាយុ ហើយគួរកត់សម្គាល់ថា ចំពោះអ្នកចូលរួមដែលមានអាយុ ៦៥ ឆ្នាំឡើងទៅមានប្រសិទ្ធភាពរហូតដល់ ៨០ ភាគរយ។
ជិត ៨០ ភាគរយនៃអ្នកចូលរួម គឺជាជនជាតិស្បែកស និង ៤ ភាគរយជាជនជាតិអាស៊ីក្នុងចំណោមអ្នកដទៃទៀត។ ក្រុមហ៊ុនបានអះអាងថាហានិភ័យនៃការកកឈាម ត្រូវបានសិក្សាក្នុងចំណោមអ្នកចូលរួមប្រហែល ២២,០០០ នាក់ដែលទទួលបានយ៉ាងហោចណាស់មួយដូសនៃវ៉ាក់សាំងពីរដូស៕ដោយ ឈូក បូរ៉ា