បរទេស៖ នាវាចម្បាំងរុស្ស៊ីពីគ្រឿង នៅថ្ងៃសៅរ៍នេះ បានធ្វើដំណើរឆ្លងកាត់តាមសមុទ្រ Bosphorus ឆ្ពោះទៅកាន់សមុទ្រខ្មៅ ហើយនាវា១៥គ្រឿងផ្សេងទៀតត្រូវបានបញ្ជូនទៅរួចរាល់ ស្របពេលដែលទីក្រុងមូស្គូ បង្កើនវត្តមានទ័ពជើងទឹកខ្លួន ក្នុងខណៈទំនាក់ទំនងមានភាពតានតឹង ជាមួយលោកខាងលិចនិងអ៊ុយក្រែន។
ការបន្ថែមកម្លាំងទ័ពជើងទឹកនេះ គឺធ្វើឡើងជាមួយការបង្កើនកងទ័ពកាន់តែច្រើនមួយនៅជិតប្រទេសអ៊ុយក្រែន ជារឿងដែលទីក្រុងមូស្គូហៅថាជាសមយុទ្ធការពារបណ្ដោះអាសន្ន ហើយការពង្រឹងបង្កើនកម្លាំងទ័ពនេះ គឺធ្វើឡើងក្រោយមានការប្រយុទ្ធគ្នាកើនឡើង ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត រវាងពួកបះបោរគាំទ្ររុស្ស៊ីនិងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន។
ក្រៅពីនេះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ក៏បានធ្វើការរឹតបន្តឹងជាបណ្ដោះអាសន្ន លើការធ្វើដំណើរនាវាចម្បាំងបរទេស នៅជិតតំបន់គ្រីមាដែលរុស្ស៊ីបានយកពីអ៊ុយក្រែន និងដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ហើយទង្វើបែបនេះរបស់រុស្ស៊ី ត្រូវបានទីក្រុងវ៉ាស៊ីនតោននិងទីក្រុងកៀវធ្វើការថ្កោលទោស។
តាមសេចក្តីរាយការណ៍ នាវារុស្ស៊ីពីរគ្រឿង មកពីកងនាវាភាគខាងជើងរបស់រុស្ស៊ី មានសមត្ថភាពផ្ទុករថក្រោះ និងដឹកជញ្ជូនរថយន្តពាសដែននិងកងទ័ព នៅក្នុងអំឡុងធ្វើការប្រយុទ្ធតាមតំបន់ឆ្នេរនោះ បានធ្វើដំណើរឆ្លងកាត់តាមសមុទ្រ Bosphorus នៅថ្ងៃសៅរ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង