វៀងច័ន្ទ ៖ ប្រទេសឡាវ បានចាក់សោរដ្ឋធានីរបស់ខ្លួន និងបានបិទព្រំដែនអន្តរជាតិរបស់ខ្លួន ដែលមានចរាចរណ៍ភាគច្រើន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានរកឃើញចង្កោមកូវីដ-១៩ ដែលភ្ជាប់ជាមួយប្រទេសជិតខាងធំ របស់ខ្លួន នៅប្រទេសថៃ។
អ្នករស់នៅក្នុងរដ្ឋធានីវៀងច័ន្ទ ត្រូវបានរារាំងមិនឱ្យចាកចេញពីទីក្រុង ហើយអ្នកខាងក្រៅត្រូវ តែទទួលបានការ អនុញ្ញាតឱ្យចូល ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KPL បានរាយការណ៍ថា ព្រំប្រទល់អន្តរជាតិរបស់ប្រទេសនេះ ត្រូវបានបិទលើកលែង តែរថយន្តដឹកទំនិញ និងករណីដែលត្រូវបានអនុញ្ញាត ដោយក្រុមការងារជំងឺកូវីដ-១៩ របស់ប្រទេសតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា បទបញ្ជាដែលត្រូវបានចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្រ្តី Phankham Viphavanh ក៏បានហាមឃាត់ប្រជាជន ទីក្រុងវៀងច័ន្ទទាំងអស់ មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ លើកលែងតែការដើរទិញឥវ៉ាន់ អាហារចាំបាច់ ការទៅមន្ទីរពេទ្យ និងភារកិច្ចដែលមានការអនុញ្ញាតផ្សេងទៀត។ ការរឹតបន្តឹងមានរយៈពេលរហូតដល់ថ្ងៃទី 5 ខែឧសភា។
របាយការណ៍បានឲ្យដឹងថា ការចាក់សោរត្រូវបានធ្វើឡើង បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨ ករណីកាលពីថ្ងៃពុធ ដែលធ្វើឱ្យប្រទេសនេះមានចំនួនអ្នកឆ្លងសរុប ៨៨ នាក់។
កាសែត Vientiane Times ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថា ករណីថ្មីចំនួន ២៦ ក្នុងចំណោម ២៨ ករណីនេះ គឺជាអ្នករស់នៅក្នុងរដ្ឋធានី ដែលមានទំនាក់ទំនងជាមួយនិស្សិត នៅសាកលវិទ្យាល័យជាតិឡាវ ដែលបានឆ្លងវីរុសនេះ ពីបុរសជនជាតិថៃម្នាក់។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ពីរនាក់ទៀត គឺជាកម្មករ ដែលបានវិលត្រឡប់ពីប្រទេសថៃ មកពីភាគខាងត្បូង ខេត្តចំប៉ាសាក់៕
ដោយ ឈូក បូរ៉ា