ព័ត៌មានអន្តរជាតិ

វៀតណាម ប្រឈមមុខ​​ នឹងករណីអ្នកជំងឺកូវីដ១៩ មិនលេចរោគសញ្ញា

បរទេស ៖ ប្រហែល ៦០ ភាគរយនៃករណីឆ្លងវីរុសកូរ៉ូណា នៅក្នុងការផ្ទុះឡើងចុងក្រោយបង្អស់ នៅក្នុងប្រទេសវៀតណាម គឺមិនលេចរោគសញ្ញា ដែលនេះបានបង្កជាបញ្ហាប្រឈមបន្ថែមទៀត ដល់ការខិតខំតាមដាន និង ពិនិត្យរកវីរុស របស់ប្រទេសនេះ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកជំងឺ Covid-19 ប្រមាណ ១ ០០០ នាក់កំពុងត្រូវបានព្យាបាល នៅតាមមណ្ឌលវេជ្ជសាស្រ្តចំនួន ៥០ កន្លែងនៅទូទាំងប្រទេស វៀតណាម ដោយមន្ទីរពេទ្យជាតិហាណូយ សម្រាប់ជំងឺតំបន់ត្រូពិក ត្រូវបានរាំងខ្ទប់ដោយសារតែជាចំណុច ក្តៅដ៏ធំមួយ។ ក្រសួងសុខាភិបាល វៀតណាម បានបញ្ជាក់ថា ប្រហែលពាក់កណ្តាល នៃករណីឆ្លងទាំងនេះ គឺអ្នកជំងឺមិនលេចរោគសញ្ញា ។

លោកង្វៀនវ៉ាន់គិញ ដែលជាផ្នែកមួយនៃក្រុមអ្នកជំនាញ ដែលទទួលខុសត្រូវ ចំពោះការធ្វើរោគវិនិច្ឆ័យ នៃ អ្នកជំងឺ Covid-19 បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដែលមិនលេចចេញរោគសញ្ញា គឺជាបញ្ហាប្រឈមសម្រាប់ដំណើរ ការពិនិត្យនៅតាមមន្ទីរពេទ្យ។

គាត់បាននិយាយថា មានករណីជាច្រើន ដែលសូម្បីតែការស្កេនដោយកាំរស្មី X ទៅលើសួត ក៏មិនបង្ហាញពីស្ថានភាពនៃការឆ្លងរបស់អ្នកជំងឺនោះដែរ។

លោកង្វៀនហុងហា អនុប្រធានសមាគមជំងឺឆ្លង វៀតណាម បាននិយាយថា ករណីមិនលេចរោគសញ្ញា ធ្វើឱ្យការរកឃើញមានការពិបាក ជាពិសេសដោយសារ តែការធ្វើតេស្ត Covid-19 មិនបានកំណត់អត្តសញ្ញាណករណីវិជ្ជមាន ក្នុងកំឡុងពេលព្យាយាម ពីរបីលើកដំបូង ដែលធ្វើឱ្យដំណើរការរកអ្នកឆ្លងវីរុស មាន“ ការលំបាកខ្លាំង” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top