បរទេស ៖ នៅក្នុងព័ត៌មាន ធ្វើបច្ចុប្បន្នភាពថ្មីមួយ នាថ្ងៃអង្គារសប្ដាហ៍នេះ ទីបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការដកកងកម្លាំងសហរដ្ឋអាមេរិក ចេញពីប្រទេស អាហ្វហ្គានីស្ថាន បានសម្រេចដល់ ២០ភាគរយហើយ ស្របពេលដែល មានការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងពួកហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា ។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសផែនការកាលពីខែមុន ចាប់ផ្តើមដកកងកម្លាំងយោធា សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី០១ ខែឧសភា ហើយធ្វើការដកកងទ័ពប្រមាណ២.៥០០នាក់ឲ្យអស់ទាំងស្រុង នៅត្រឹម ថ្ងៃទី១១ ខែកញ្ញា ជាការបញ្ចប់សង្គ្រាម ដ៏វែងបំផុត របស់អាមេរិក និងជាគម្រប់ខួបលើកទី២០ នៃការវាយប្រហារ ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបង្កឲ្យមានសង្គ្រាម នៅអាហ្វហ្គានីស្ថាន ។
នៅក្នុងព័ត៌មានធ្វើបច្ចុប្បន្នភាព ប្រចាំសប្ដាហ៍ ទីបញ្ជាការកណ្ដាលអាមេរិក បាននិយាយថា ចាប់តាំងពីពលេនោះមក ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានណែនាំឲ្យដកសម្ភារៈប្រមាណ ១៥០ជើង ដឹក តាមយន្តហោះដឹកជញ្ជូនយោធា C-17 Globemaster និងបានប្រគល់សម្ភារៈជាង ៥.០០០ឲ្យទៅទីភ្នាក់ងារដឹកជញ្ជូន ការពារជាតិ សម្រាប់កម្ទេចចោល ។
យោងតាមព័ត៌មានថ្មីនោះ សហរដ្ឋអាមេរិកក៏បានធ្វើការប្រគល់ ជាផ្លូវការ នូវបរិវេណអគារចំនួន៥ ទីតាំងឲ្យក្រសួងការពារជាតិ អាហ្វហ្គានីស្ថាន និងបានធ្វើការប៉ាន់ស្មានថា ដំណើរការដកកងទ័ពចន្លោះពី ១៣ភាគរយទៅ២០ភាគរយ គឺបានសម្រេចរួចរាល់ហើយ ៕ ប្រែសម្រួល៖ប៉ាង កុង