ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ត្រៀមខ្លួន សម្រាប់សមយុទ្ធ ពហុជាតិ Talisman Sabre

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បានធ្វើការប្រកាសថា ប្រទេសអូស្ត្រាលី កំពុងតែត្រៀមខ្លួន សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៃសមយុទ្ធយោធា Talisman Sabre ដែលធ្វើឡើងជារៀងរាល់៣ឆ្នាំម្តង ដោយឆ្នាំនេះ មានការបន្ថយចំនួនកងកម្លាំង ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែង ការណ៍មួយ នាថ្ងៃអង្គារសប្ដាហ៍នេះ លោកឧត្តមសេនីយ៍ Greg Bilton ជាប្រធានប្រតិបត្តិការ បានមានប្រសាសន៍ថា បុគ្គលិកយោធាប្រមាណ១៧.០០នាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ។

ចំណែកកងកម្លាំងប្រមាណ១.៨០០ មកពីសហរដ្ឋអាមេរិក កាណាដា ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និង អង់គ្លេស នឹងប្រឈមនឹងការធ្វើចត្តាឡីស័ក រយៈពេលពីរសប្ដាហ៍ មុននឹងចូលរួមសមយុទ្ធ ជាមួយកងកម្លាំង អូស្ត្រាលី ភាគច្រើននៅក្នុងរដ្ឋ Queensland ។

លោក Greg Bilton បានមានប្រសាសន៍យ៉ាងដូច្នេះថា ក្រសួងការពារជាតិ អូស្ត្រាលី នឹងរក្សាជូនដំណឹង ដល់សាធារណជន ស្តីពីសកម្មភាព និងការចល័តដែលបានគ្រោង អនុវត្តផែនការសុវត្ថិភាព ពីជម្ងឺកូវីដ១៩ ដែលបានព្រមព្រៀងគ្នា ជាមួយរដ្ឋនានា ដើម្បីកាត់បន្ថយហានិភ័យនៃជម្ងឺកូវីដ១៩៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top