ព័ត៌មានអន្តរជាតិ

អាមេរិក ផ្ដល់កញ្ចប់ជំនួយ ១៥០លានដុល្លារ ដល់អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាព ការពារជាតិ ខណៈកំពុងតានតឹង ជាមួយរុស្ស៊ី

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ បានប្រកាសកញ្ចប់ ជំនួយសន្តិសុខចំនួន ១៥០ លានដុល្លារ សម្រាប់អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាព ការពារជាតិរបស់ខ្លួន ខណៈប្រទេស កំពុងតានតឹងផ្នែកយោធា ជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

សហរដ្ឋអាមេរិក នឹងផ្តល់ឱ្យអ៊ុយក្រែននូវរ៉ាដាប្រឆាំងកាំភ្លើងធំ ប្រព័ន្ធប្រឆាំង អាកាសគ្មានមនុស្សបើក ឧបករណ៍ទំនាក់ទំនង មានសុវត្ថិភាពសង្គ្រាមអេឡិចត្រូនិច និងឧបករណ៍ជម្លៀស ពេទ្យយោធា និង ការបណ្តុះបណ្តាល និងឧបករណ៍ដើម្បីបង្កើន សុវត្ថិភាពប្រតិបត្តិការ និងសមត្ថភាពមូលដ្ឋានទ័ព អាកាសអ៊ុយក្រែន នេះបើយោងសេចក្តីថ្លែងការណ៍ របស់មន្ទីរបញ្ចកោណ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កញ្ចប់នេះតំណាង ឱ្យថវិកា ដែលនៅសល់ត្រូវបាន អនុម័តដោយសភា សម្រាប់គំនិតផ្តួចផ្តើមជំនួយ សន្តិសុខអ៊ុយក្រែន របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំសារពើពន្ធ ២០២១ ដែលនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា។

កញ្ចប់នេះ “អាចធ្វើទៅបានដោយក្រសួង ការពារជាតិ ដោយមានការសម្របសម្រួលជាមួយក្រសួង ការបរទេស ដោយបញ្ជាក់ថាអ៊ុយក្រែន មានការរីកចម្រើនគ្រប់គ្រាន់ លើកំណែទម្រង់ វិស័យការពារជាតិនៅឆ្នាំនេះ” ។

សហរដ្ឋអាមេរិក បានផ្តល់ជំនួយសន្តិសុខ ចំនួន ១២៥ លានដុល្លារដល់ អ៊ុយក្រែន នៅខែមីនាកន្លងទៅនេះនេះ ។ មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយសន្តិសុខ ជាង ២,៥ ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top