ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន លើកឡើង ពីវិបត្តិស្បៀង អាហារកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំបក្ស

បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសកូរ៉េខាងជើង ប្រឈមមុខនឹងកង្វះខាត ស្បៀងអាហារធ្ងន់ធ្ងរមួយ នៅក្នុងអំឡុង កិច្ចប្រជុំរបស់បក្សពលករកូរ៉េ នេះបើតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI។

លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំពេញអង្គ លើកទី៣ នៃគណៈកម្មការកណ្ដាលទី៨ របស់បក្សពលករកូរ៉េ នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយបានលើកឡើង ពីវិបត្តិកំពុងតែកើនខ្លាំងឡើង នៅក្នុងប្រទេស ហើយលោកបាន មានប្រសាសន៍ យ៉ាងដូច្នេះថា “ដោយសារតែភាពលំបាក ជាបន្តបន្ទាប់ ភាពលម្អៀង បានកើតមានក្នុងដំណើរ ការអនុវត្តផែនការជាតិ និងកិច្ចការគោល នយោបាយ ហើយកិច្ចការប្រយុទ្ធដំបូង គឺត្រូវដាក់ផលិតកម្ម កសិកម្មដ៏ត្រឹមត្រូវជាអាទិភាព” ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងរូបនេះ បានមានប្រសាសាន៍បន្តយ៉ាងដូច្នេះថា “ស្ថានភាពស្បៀង អាហារ របស់ប្រជាជន ក្នុងពេលបច្ចុប្បន្ននេះ កាន់តែលំបាក ស្របពេល ដែលវិស័យកសិកម្ម បរាជ័យក្នុងការបំពេញ ផែនការផលិតកម្មរបស់ខ្លួន ដោយសារតែការខូចខាត បណ្ដាលឡើង ដោយសារព្យុះទីហ្វុង កាលពីឆ្នាំមិញ” ។
លោកក៏បានធ្វើការ សង្កត់ធ្ងន់ថា កិច្ចប្រជុំពេញអង្គ គួរតែចាត់វិធានការ វិជ្ជមាន សម្រាប់ធ្វើការដោះស្រាយ លើបញ្ហាទាំងនេះ។

គួរបញ្ជាក់ថា ភាពលម្អៀងរបស់លោក គីម ជុងអ៊ុន ទំនងជាសំដៅដល់ទណ្ឌកម្មសេដ្ឋកិច្ច ដែលដាក់លើប្រទេស កូរ៉េខាងជើង ពាំក់ព័ន្ធការអភិវឌ្ឍ អាវុធនុយក្លេអ៊ែ ព្រមទាំងចំណាត់ការ ដែលកូរ៉េខាងជើងខ្លួនឯង បិទព្រំដែន នៅក្នុងអំឡុងជម្ងឺកូវិដ១៩ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top