បរទេស ៖ បញ្ហាកោះតៃវ៉ាន់ បានរំលឹកឡើងវិញថា ជាចំណុចឈឺចាប់ដ៏ធំមួយ នៅក្នុងទំនាក់ទំនង រវាងចិន និង សហរដ្ឋអាមេរិក ភ្លាមៗនៅពេលប្រធានាធិបតី Biden បានចូលកាន់ តំណែង កាលពីខែមករា ជាមួយនឹងការសម្រេចចិត្ត អញ្ជើញឯកអគ្គរដ្ឋទូត របស់កោះចូលរួមពិធីសម្ពោធរបស់ប្រធានាធិបតី ដែលបានធ្វើឱ្យក្រុងប៉េកាំង ខឹងសម្បារ និងជាលទ្ធផល ការកើនឡើង នៃភាពតានតឹង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បានទទូចដល់មហា អំណាចខាងក្រៅដកជើង ថយក្រោយ និងចៀសវាងការជ្រៀតជ្រែក ចូលក្នុងកិច្ចការកោះនេះ ហើយបានអំពាវនាវឱ្យកង កម្លាំងនយោបាយក្នុងតំបន់ បញ្ឈប់វោហារសាស្ត្រ ឯករាជ្យរបស់ពួកគេ ។
អ្នកនាំពាក្យការិយាល័យ កោះតៃវ៉ាន់ លោក Ma Xiaoguang បាននិយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយបន្ទាប់ពីត្រូវបានសួរ អំពីសកម្មភាពយោធា របស់ទីក្រុងប៉េកាំង នៅក្បែរកោះនេះថា «យើងនឹងមិនអត់ធ្មត់ចំពោះការប៉ុនប៉ងស្វែង រកឯករាជ្យភាព ឬអន្តរាគមន៍ពីបញ្ហាកោះតៃវ៉ាន់ ដោយកងកម្លាំងបរទេសឡើយ ដូច្នេះយើងចាំបាច់ត្រូវឆ្លើយតបយ៉ាងខ្លាំង ចំពោះសកម្មភាព ឃុបឃិតទាំងនេះ»។
ការអត្ថាធិប្បាយរបស់លោក Ma Xiaoguang ធ្វើឡើងបន្ទាប់ពីសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃអង្គារថា យន្តហោះចម្បាំង របស់កងទ័ពរំដោះប្រជាជនចំនួន ២៨ គ្រឿង ក្នុងនោះមាន យន្តហោះចម្បាំង យន្តហោះវាយប្រហារ តាមសមុទ្រ និងយន្តហោះទម្លាក់គ្រាប់ បែក យុទ្ធសាស្ត្រ និងយន្តហោះព្រមាន និងបញ្ជាមុន បានចូលតំបន់ ដែលគេហៅថា “ តំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាស (ADIZ)”ក្នុងចន្លោះ ២៤ ម៉ោង ហោះហើរលើកោះ Pratas និងជិតកោះខាងត្បូង ៕
ប្រែសម្រួលៈ ណៃ តុលា