វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភលើរបាយការណ៍មួយដែលថា ប្រទេសចិន កំពុងសាងសង់ស៊ីឡូថ្មីជាង ១០០កន្លែង សម្រាប់បាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
កាសែត Washington Post ដែលដកស្រង់ការសិក្សាស្រាវជ្រាវលើរូបភាពផ្កាយរណបពាណិជ្ជកម្ម ដោយក្រុមដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ស៊ីណូកំពុងត្រូវបានសាងសង់នៅវាលខ្សាច់មួយ នៅជិតទីក្រុងយិនភាគពាយ័ព្យប្រទេសចិន។
មជ្ឈមណ្ឌលសិក្សាជែមម៉ាទីន នៅទីក្រុងម៉ុនតេរីបានឲ្យដឹងថា ការដ្ឋានសាងសង់ចំនួន ១១៩ កន្លែងនៅក្នុងខេត្តកានស៊ូ គឺប្រហាក់ប្រហែលនឹងទីតាំងបាញ់បង្ហោះរបស់ចិន ដែលមានស្រាប់សម្រាប់មីស៊ីលផ្លោងនុយក្លេអ៊ែរ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price ត្រូវបានចោទសួរអំពីរបាយការណ៍នេះកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងនោះដែរលោកលើកឡើងថា“ ខ្ញុំគិតថាអ្វីដែលត្រូវនិយាយ គឺរបាយការណ៍ទាំងនេះ និងការវិវឌ្ឍន៍ផ្សេងៗទៀតបង្ហាញថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាមានិតចិន នឹងកើនឡើងយ៉ាងឆាប់រហ័ស និងដល់កម្រិតខ្ពស់ជាងអ្វីដែលបានរំពឹងទុកកន្លងមក” ។
លោកបានបន្ថែមថា“ ហើយសម្រាប់យើងវាពង្រឹងនូវសារៈសំខាន់នៃការស្វែងរកវិធានការជាក់ស្តែង ដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ” ។
លោក Price បន្ដថា“ ទោះបីអ្វីដែលមើលទៅជាការបង្អាក់ PRC ក៏ដោយ ការបង្កើតយ៉ាងឆាប់រហ័សនេះ កាន់តែពិបាកលាក់” ។ ហើយវាគូសបញ្ជាក់ពីរបៀបដែលអាមេរិក បង្ហាញខ្លួនម្តងទៀត កំពុងងាកចេញពីយុទ្ធសាស្ត្រនុយក្លេអ៊ែររាប់ទសវត្ស ដោយផ្អែកលើការរារាំងអប្បបរមា។
លោកត្រូវបានគេចោទសួរផងដែរថា តើសហរដ្ឋអាមេរិក មានប្រតិកម្មចំពោះសុន្ទរកថាបែបរិះគន់ របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែរឬទេ នៅក្នុងថ្ងៃខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុនិស្ដចិន។
នៅក្នុងសុន្ទរកថាមួយ នៅឯពិធីអបអរសាទរខួស ១០០ឆ្នាំសម្រាប់គណបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា “ប្រជាជនចិន នឹងមិនអនុញ្ញាតឱ្យកងកម្លាំងបរទេសណាមួយ ធ្វើការសម្លុតគាបសង្កត់ ជិះជាន់លើយើងឡើយ”។
លោកបានបន្ដថា“ អ្នកណាដែលចង់ធ្វើដូច្នេះ នឹងប្រឈមមុខនឹងការបង្ហូរឈាម នៅមុខមហាកំផែងដែកថែប ដែលសាងសង់ដោយប្រជាជនចិន ជាង ១,៤ ពាន់លាននាក់” ។
នៅក្នុងនោះដែរ លោក Price បានលើកឡើងថា ក្រសួងការបរទេសបាន“ យកចិត្តទុកដាក់” ចំពោះសុន្ទរកថារបស់លោកស៊ី ជីនពីង ប៉ុន្តែយើងនឹងមិនធ្វើអត្ថាធិប្បាយ លើចំណុចជាក់លាក់នោះទេ។
លោកបានមានប្រសាសន៍ថា“ ខ្ញុំគិតថារដ្ឋបាលនេះអស់រយៈពេលជាច្រើនខែ បានបង្ហាញយ៉ាងច្បាស់ អំពីចំណាប់អារម្មណ៍របស់យើង ចំពោះបក្សកុម្មុនិស្ដចិន ប៉ុន្តែខ្ញុំមិនមានចម្លើយជាក់លាក់ណាមួយ សម្រាប់អ្នកចំពោះការលើកឡើង របស់លោកប្រធានាធិបតីចិន នៅថ្ងៃម្សិលមិញនេះទេ”៕ ដោយ ឈូក បូរ៉ា