ថ្នាំអាស្ពីរីន ត្រូវបានគេស្គាល់ជាទូទៅថា ជាថ្នាំបំបាត់ការឈឺចាប់ ដែលមានតំម្លៃថោក និងមានប្រសិទ្ធភាព ប៉ុន្តែការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា វាក៏ជាជម្រើសព្យាបាលជំងឺ មហារីកដែលទទួលបានជោគជ័យផងដែរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
អ្នកសិក្សានៅសាកលវិទ្យាល័យ Cardiff បានអនុវត្តការ ពិនិត្យឡើងវិញ នៃការសិក្សាអង្កេតមុន ចំពោះអ្នកជំងឺដែលមានជំងឺ មហារីកចំនួន១៨ ផ្សេងៗគ្នារួមមានសុដន់ ពោះវៀនធំ និង ក្រពេញប្រូស្តាត ។ ក្នុងចំណោមអ្នកជំងឺប្រមាណ ២៥០.០០០ នាក់ ការប្រើថ្នាំអាស្ពីរីនត្រូវបានផ្សារ ភ្ជាប់ជាមួយនឹងការថយចុះប្រហែល ២០ ភាគរយនៃការស្លាប់ដោយសារជំងឺមហារីក បើប្រៀបធៀបទៅ នឹងអ្នកមិនប្រើថ្នាំ ។
អ្នកសិក្សានិយាយថា ថ្នាំអាស្ពីរីនជួយកាត់បន្ថយការ រាលដាលនៃជំងឺមហារីក ដែលជាការរាលដាល នៃជំងឺមហារីកនៅក្នុងខ្លួន ។ ពួកគេបានបន្ថែមថា ដូច្នេះការពិចារណា ឲ្យបានម៉ឺងម៉ាត់គួរតែត្រូវបានផ្តល់ ឲ្យទាក់ទងនឹងការប្រើថ្នាំ អាស្ពីរីនជាមួយគ្នា ប៉ុន្តែមិនមែនជំនួស ឲ្យការព្យាបាលដទៃទៀត ដើម្បីព្យាបាលជំងឺមហារីកនោះទេ ។
អ្នកស្រាវជ្រាវបាននិយាយថា អ្នកជំងឺដែលមានជំងឺមហារីក គួរតែត្រូវបានលើកទឹកចិត្ត ដើម្បីលើកយកប្រធានបទ នៃថ្នាំអាស្ពីរីន ទៅជាមួយគ្រូពេទ្យ។ ការសិក្សានេះដឹកនាំ ដោយសាស្ត្រាចារ្យ Peter Elwood សាស្ត្រាចារ្យកិត្តិយស នៅសាកលវិទ្យាល័យ Cardiff បានសិក្សាពីផលប៉ះពាល់ នៃថ្នាំអាស្ពីរីនអស់រយៈពេលជាង ៥០ ឆ្នាំ ៕ដោយ៖លី ភីលីព