ព័ត៌មានអន្តរជាតិ

អាមេរិកអនុម័ត លក់ឧទ្ធម្ភាគចក្រ ឲ្យទៅប្រទេស អ៊ីស្រាអែល

បរទេស៖ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័តលក់ ឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ CH-53K ចំនួន១៨គ្រឿង ឲ្យទៅប្រទេសអ៊ីស្រាអែល ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានទំហំជាទឹកប្រាក់រហូតដល់ទៅ៣,៤ពាន់លានដុល្លារ។
កញ្ចប់នៃការលក់នេះ នឹងរួមមានទាំងម៉ាស៊ីន ប្រព័ន្ធកំណត់ទិសដៅធ្វើដំណើរ អាវុធ សម្ភារៈគំាទ្រ គ្រឿងបន្លាស់និងការគាំទ្រផ្នែកបញ្ចេកទេស ហើយក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួនពីរ គឺក្រុមហ៊ុន Lockhed Martin និងក្រុមហ៊ុន General Electric Co គឺជាម្ចាស់ម៉ៅការចម្បង លើកិច្ចព្រមព្រៀងនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស អាមេរិក បាននិយាយដូច្នេះថា “សហរដ្ឋអាមេរិកប្តេជ្ញាចំពោះសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល ហើយវាមានសារៈសំខាន់ ចំពោះផលប្រយោជន៍ជាតិអាមេរិក ក្នុងការជួយអ៊ីស្រាអែលអភិវឌ្ឍ និងរក្សាសមត្ថភាពស្វយការពារដ៏ខ្លាំងក្លា និងត្រៀមលក្ខណៈជាស្រេច”។

គួរបញ្ជាក់ថា បើទោះជាមានការអនុម័តដោយ ក្រសួងការបរទេស ហើយក៏ដោយ ក៏ការជូនដំណឹងមិនបង្ហាញថា កុងត្រាត្រូវបានចុះហត្ថលេខា ឬក៏ថា ការចរចាគ្នាត្រូវបានបញ្ចប់ហើយដែរ នេះបើតាមសេចក្តីរាយការណ៍ មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top