ព័ត៌មានអន្តរជាតិ

ព្យុះសង្ឃរា Ida កំពុងបោកបក់មកលើរដ្ឋ Louisiana បង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ជម្លៀសខ្លួនចេញ


វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២១ថា មនុស្សរាប់ពាន់នាក់កំពុងភៀសខ្លួនដើម្បីរកទីសុវត្ថិភាពចេញពីរដ្ឋ Louisiana សហរដ្ឋអាមេរិក ខណៈព្យុះសង្ឃរា Ida បានចូលមកដល់ហើយ ។

ព្យុះសង្ឃរា Ida ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរដល់ឈូងសមុទ្រម៉ិកស៊ិកនៅល្ងាចថ្ងៃអាទិត្យនេះ ដោយនាំមកនូវខ្យល់ បក់២២០គីឡូម៉ែត្រក្នុងមួយម៉ោង ។

អ្នកព្យាករណ៍ឲ្យដឹងថា វាអាចខ្លាំងជាងព្យុះសង្ឃរា Katrina ដែលបានបំផ្លិចបំផ្លាញទីក្រុង New Orleans ក្នុងឆ្នាំ២០០៥ ។
ការស្ទះចរាចរណ៍បានធ្វើឱ្យស្ទះផ្លូវហាយវេស៍មួយចំនួនចេញពីរដ្ឋ Louisiana ខណៈដែលប្រជាជននៅតំបន់ជាច្រើនត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនចេញ ។

លោក John Bel Edwards អភិបាលរដ្ឋខាងលើ បានព្រមានថា ព្យុះនេះអាចជាព្យុះធំបំផុតមួយដែលបានវាយប្រហាររដ្ឋក្នុងរយៈពេល១៥០ឆ្នាំមកនេះ ។

លោកបានព្រមានដល់អ្នកស្រុកកាលពីថ្ងៃសៅរ៍ថា “ពេលវេលារបស់អ្នកជិតអស់ហើយ” ៕

Most Popular

To Top