ព័ត៌មានអន្តរជាតិ

New Update៖ ព្យុះកំបុតត្បូង វាយប្រហារមកលើដែនដី ភាគខាងត្បូង និងខាងលិច របស់សហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត២៦នាក់

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្សចំនួន២៦នាក់បានបាត់បង់ជីវិត បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូង បានបោកបក់មកលើទីប្រជុំជន និងទីក្រុងនានានៅភាគខាងត្បូង ភាគកណ្តាល និងភាគខាងលិចរបស់សហរដ្ឋអាមេរិក ។
ផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ ហើយផ្ទះរាប់ពាន់ខ្នងគ្មានថាមពលប្រើប្រាស់ បន្ទាប់ពីព្យុះបានបណ្តាលឱ្យមាន ការបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋជាច្រើន ។

យោងតាមការចុះផ្សាយរបស់កាសែត Washington Post បានរបាយការណ៍ថា ព្យុះកំបុតត្បូងមានជាង៦០ត្រូវបានកត់ត្រាទុក ។

រដ្ឋនានារួមមាន រដ្ឋ Arkansas, Tennessee, Illinois, Indiana, Alabama និងរដ្ឋ Mississippi សុទ្ធតែមានអ្នកស្លាប់ដោយសារអាកាសធាតុអាក្រក់នេះ ។

ព្យុះមួយបានបោកបក់ឆ្លងកាត់ក្រុង Wynne នៃរដ្ឋ Arkansas ដែលជាសហគមន៍ចម្ងាយប្រហែល១០០ម៉ាយល៍ស្មើនឹង១៧០គីឡូម៉ែត្រ ដែលស្ថិតនៅភាគខាងកើតនៃរដ្ឋធានី រដ្ឋ Little Rock ។

អ្នកស្រី Ashley Macmillan បាននិយាយថា គាត់ និងប្តីរបស់គាត់ រួមទាំងកូនៗរបស់ពួកគេ បាននៅជុំគ្នាជាមួយឆ្កែរបស់ពួកគេនៅក្នុងបន្ទប់ទឹកតូចមួយ នៅគ្រាដែលព្យុះកំបុតត្បូងមួយបានកន្លងផុតទៅ “ជាមួយនឹងការធ្វើអធិស្ឋាន និងនិយាយលាគ្នា ព្រោះពួកយើងគិតថា ពួកយើងបានស្លាប់ទៅហើយ” ។

ដើមឈើរលំមួយដើមបានបំផ្លាញផ្ទះរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនរងគ្រោះអ្វីឡើយ ។

គាត់បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AP ថា “យើងអាចមានអារម្មណ៍ថា ផ្ទះមានសភាពញ័រ យើងអាចលឺសំលេងខ្លាំងៗ ហើយបន្ទាប់មកវាក៏ស្ងប់ស្ងាត់ទៅវិញ” ។

កាលពីថ្ងៃសុក្រ អភិបាលខេត្ត Sarah Huckabee Sanders បានប្រកាសភាពអាសន្ន នៅក្នុងរដ្ឋ Arkansas ដោយក្រុមឆ្មាំជាតិបានធ្វើសកម្មភាព ដើម្បីជួយប្រឹងប្រែងសង្គ្រោះអ្នករងគ្រោះទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top