បរទេស៖អង្គការសហប្រជាជាតិ នឹងប្រារព្ធធ្វើសន្និសីទជំនួយអន្តរជាតិមួយ នៅក្នុងទីក្រុងហ្សឺណែវ នាថ្ងៃទី១៣ ខែកញ្ញា ដើម្បីជួយបញ្ចៀសនូវអ្វីដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ដែលគេហៅថា មហន្តរាយមនុស្សជាតិកំពុងកើនឡើង។
នៅក្នុងសារមួយដែលបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រប្រកាសពីសន្និសីទ ដែលលោកនិយាយថា នឹងស្វះស្វែងរកការបង្កើនទំហំថវិកាយ៉ាងឆាប់រហ័ស សម្រាប់ជំនួយមនុស្សធម៌នោះ លោក Antonio Guterres បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងត្រូវការឲ្យសហគមន៍អន្តរជាតិឈររួមគ្នា និងគាំទ្រដល់ប្រជាជនអាហ្វហ្គានីស្ថាន”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍បន្ថែមទៀតថា “យើងក៏នឹងអំពាវនាវឲ្យជំនួយមនុស្សធម៌បញ្ជូនចូលទៅបានទាំងស្រុង ដើម្បីធានាថា ជនជាតិអាហ្វហ្គានីស្ថាន បន្តទទួលបានសេវាកម្មដ៏សំខាន់ដែលពួកគេត្រូវការ”។
គួរបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានជាច្រើន កំពុងតែប្រឹងប្រែងស្វែងរកស្បៀងអាហារសម្រាប់គ្រួសារពួកគេ ស្របពេលមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ នៅមុនពេលពួកសកម្មប្រយុទ្ធតាលីបង់ ដណ្ដើមយកអំណាចកាលពីខែមុន ហើយក្នុងពេលបច្ចុប្បន្ននេះ មនុស្សរាប់លាននាក់ ប្រឈមមុខនឹងភាពអត់ឃ្លាន ដោយប្រទេសនេះនៅដាច់ឯកោ និងសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះ៕ប្រែសម្រួល៖ប៉ាង កុង