ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីនាំចេញនូវបច្ចេកវិទ្យា នាវាមុជទឹកនុយក្លេអ៊ែរ ដែលមានការរសើបខ្លាំង ទៅកាន់ប្រទេសអូស្ត្រាលី គឺគ្មានការទទួលខុស ខ្ពស់នោះឡើយ ។
សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានប្រកាសនៅថ្ងៃពុធម្សិលមិញនេះ ពីការបង្កើតភាពជាដៃគូសន្តិសុខ ត្រីភាគីថ្មីមួយ ដែលមានឈ្មោះថា“ AUKUS” ។ គំនិតផ្តួចផ្តើមដំបូងក្រោម AUKUS នឹងត្រូវបញ្ជូនកងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ សម្រាប់ប្រទេសអូស្ត្រាលី។
ជាការឆ្លើយតបអ្នកនាំពាក្យលោក Zhao Lijian បានលើកឡើងថា កិច្ចសហប្រតិបត្តិការនាវាមុជទឹក នុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់បង្កើនការប្រកួតប្រជែងសព្វាវុធ និង បំផ្លាញកិច្ចខិតខំប្រឹងប្រែង មិនរីកសាយភាយអាវុធ នុយក្លេអ៊ែរពិភពលោក ។
លោកបានលើកឡើងថា ការនាំចេញនូវបច្ចេកវិទ្យា នាវាមុជទឹកនុយក្លេអ៊ែរ ដែលមានភាពរសើបខ្លាំងទៅកាន់ប្រទេស អូស្ត្រាលី ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបង្ហាញជាថ្មីម្តងទៀតថា ពួកគេកំពុងប្រើការនាំចេញ នុយក្លេអ៊ែរជាឧបករណ៍ សម្រាប់ល្បែងភូមិសាស្ត្រនយោបាយ និងប្រកាន់យកស្តង់ដារទ្វេដង ដែលគ្មានការទទួលខុសត្រូវខ្ពស់ ។
លោកបានកត់សម្គាល់ ថា អូស្ត្រាលី គឺជារដ្ឋគ្មានអាវុធនុយ ក្លេអ៊ែរក្រោមសន្ធិសញ្ញា ស្តីពីការមិនរីកសាយ ភាយអាវុធ នុយក្លេអ៊ែរ (NPT) និងភាគី នៃសន្ធិសញ្ញាតំបន់គ្មាន អាវុធនុយក្លេអ៊ែរប៉ាស៊ីហ្វិក ខាងត្បូង (SPNFZ) ។
លោកបានបន្ដថា សហគមន៍អន្តរជាតិរួមទាំងប្រទេស ជិតខាងមានហេតុផលគ្រប់បែបយ៉ាង ដើម្បីចោទសួរពីភាពស្មោះត្រង់ របស់អូស្ត្រាលី ក្នុងការគោរពតាមការប្តេជ្ញាមិន រីកសាយអាវុធនុយក្លេអ៊ែរ របស់ខ្លួន ៕
ដោយ ឈូក បូរ៉ា