បរទេស៖ យោងតាមការចេញផ្សាយ របស់បរទេសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានសរសេរថាប្រធានាធិបតីបារាំង Emmanuel Macron នឹងត្រូវជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីអាមេរិក Joe Biden នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រភពដដែលបានសរសេរទៀតថា ការជួបពិភាក្សាគ្នានេះបានធ្វើឡើង នៅក្រោយពេលដែលបញ្ហា វិបត្តិទំនាក់ទំនងការទូត រវាងបារាំង និងអាមេរិក ចំពោះបញ្ហានៃកិច្ចព្រមព្រៀង នាវាមុជទឹករបស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យលោក Gabriel Attal បានបញ្ជាក់ថា ការសន្ទនាតាមទូរស័ព្ទលើកនេះ នឹងធ្វើឡើងក្រោមការស្នើសុំ ពីសំណាក់លោកប្រធានាធិបតី អាមេរិក Joe Biden ខណៈដែលបារាំង គឺជាអ្នកដែលបានផ្តើម ចេញនូវក្តីខឹងសំបារ ចំពោះកិច្ចព្រមព្រៀង រវាងអាមេរិកនិងអូស្ត្រាលី។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀង ឆ្នាំ២០១៦ រវាងបារាំងនិងអូស្ត្រាលី ក្នុងតម្លៃប្រមាណជា៦៦ពាន់លានដុល្លារ ដែលបារាំងនឹងត្រូវសាងសង់ នាវាមុជទឹកដើរដោយថាមពលអគ្គិសនី និងប្រេងម៉ាស៊ូត ប្រមាណជា១២គ្រឿង ឲ្យអូស្ត្រាលី ត្រូវបានលប់ចោលភ្លាមៗ តែបែរជាអូស្ត្រាលី បានចូលរួមចុះហត្ថលេខា ទិញយកនាវាមុជទឹក៨គ្រឿង ពីអាមេរិកទៅវិញ ហើយដោយមិនបាន ផ្តល់ដំណឹងជាមុនឡើយ សម្រាប់កិច្ចព្រមព្រៀងនេះ៕ ប្រែសម្រួល៖ស៊ុនលី
