ព័ត៌មានអន្តរជាតិ

មកស្គាល់ មុខមាត់ពិត អ្នកបង្កើត​ របបកុម្មុយនីស្តចិន លោក ម៉ៅ សេទុង

តើលោក ម៉ៅ សេទុង គឺជាអ្នកណា? លោកមានប្រវត្តិបែបណា និងបានធ្វើអ្វីខ្លះ ក្នុងអំឡុងពេលដែលលោក មានជីវិតរស់នៅ?

លោក ម៉ៅ សេទុង គឺជាអ្នកដឹកនាំដ៏ល្បីល្បាញម្នាក់ នៅក្នុងសតវត្សទី២០។ លោកត្រូវបានមនុស្ស ទូទាំងពិភពលោកស្គាល់ ក្នុងនាមជាអ្នកបង្កើត លទ្ធិកុម្មុយនីស្តក្នុងទឹកដីចិន ដោយការផ្តួលរំលំ រដ្ឋាភិបាលចិន និងគណៈគ្រប់គ្រងជាតិ របស់សេនាប្រមុខ ចាង ខៃជៀក។ នៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ ១៩៤៩ លោក ម៉ៅ សេទុង បានប្រកាសបង្កើតជា សាធារណរដ្ឋប្រជាជនចិន នៅឯវិមានចតុកោណ ធានអាន់មិន។

មកស្គាល់ឱ្យកាន់តែស៊ីជម្រៅ ពីរដ្ឋបុរសរបស់ចិន កុម្មុយនីសម្នាក់នេះ ថាតើគាត់បានធ្វើអ្វីខ្លះ ហើយមានប្រវត្តិគ្រួសារ និងការសិក្សាបែបណា?

ម៉ៅ កើតនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៨៩៣ ក្នុងគ្រួសារកសិករ ដែលរស់នៅក្នុងស្រុក ឆាវសាន តំបន់ហ៊ូណាន។ លោក ម៉ៅ សេទុង បានរៀនចប់ផ្នែកអក្សរសិល្ប៍ រូបលោកក៏មានសមត្ថភាព តែងកំណាព្យកាព្យឃ្លោងបានយ៉ាងល្អ ក្នុងលំដាប់ថ្នាក់បណ្ឌិត និងមនុស្សជាន់ខ្ពស់។ ម៉ៅ ជាមនុស្សចូលចិត្តការអានតាំងពីក្មេង លោកអានមិនរើសថា ជាមុខវិជ្ជាអ្វីនោះទេ។ ក្រៅអំពីការរៀន ម៉ៅ ធ្វើជាជំនួយការបណ្ណារក្ស នៅបណ្ណាល័យ។

ប្រវត្តិនៃការបង្កើតបក្សកុម្មុយនីស ៖ ក្នុងអំឡុងឆ្នាំ ១៩១៨ បណ្ឌិត ស៊ុន យ៉ាត់សេន និងក្រុមនិស្សិតបញ្ញវន្ត ដែលមានគំនិតជឿនលឿន នៅប៉េកាំង បានចាប់ផ្តើមធ្វើសកម្មភាពប៉ុនប៉ង ផ្លាស់ប្តូររបរគ្រប់គ្រង ក្នុងប្រទេសចិន។ លោក ម៉ៅ សេទុង បានចូលរួមយ៉ាងសកម្ម ក្នុងក្រុមនិយមរបប «ម៉ាកស៊ីស» ដែលផ្តួចផ្តើមដោយលោកសាស្ត្រាចារ្យ លីតាចៅ។ រហូតដល់ឆ្នាំ ១៩២១ ម៉ៅ បានប្រមូលគ្នីគ្នា បង្កើតបក្យកុម្មុនីសចិន ដែលដំបូងមានត្រឹមសមាជិក ១២នាក់ តែប៉ុណ្ណោះ តែក្រោយមកគណបក្សមួយក្រុមនេះ ទទួលបានការគាំទ្រ និងមានឥទ្ធិពលរហូត ធ្វើឱ្យបណ្តាពួកកម្មករកំពង់ផែ និងអ្នកនេសាទ ដែលនៅម្តុំកោះហុងកុង ចាប់ផ្តើមប្រឆាំងតទល់ ជាមួយពួកថៅកែយ៉ាងខ្លាំងក្លា។ ហើយនេះគឺជាប្រឆាំង និងពួកនាយទុនទៅតាមបែបរបស់ពួកកុម្មុយនីស្ត ដែលរីករាលដាល នៅទូទាំងប្រទេស។

ការបែកបាក់ជាពីររបស់ចិន ៖ ការបោះឆ្នោតរើសមេដឹកនាំថ្មី បានបណ្តាលឱ្យកើតមាន ទំនាស់យ៉ាងធ្ងន់ធ្ងរ រវាងគណបក្សខាងរដ្ឋាភិបាល ដែលគ្រប់គ្រងដោយ ចាង ខៃជៀក និងគណបក្សកុម្មុនីស្ត ដែលមាន ម៉ៅ ជាអ្នកគ្រប់គ្រង។ អ្វីដែលនឹកស្មានមិនដល់ គឺវិបត្តិនយោបាយ បានកើតឡើង ដោយក្រុមប្រជាកសិករ បានបង្កភាពវឹកវរឡើង ហើយពួកនាយទុន ក៏ចាប់ផ្តើមចេញមកតស៊ូ ធ្វើឱ្យមានការខូចខាត យ៉ាងដំណំទាំងសងខាង។ លោកម៉ៅ ត្រូវបានបណ្តេញចេញពីបក្ស ដោយរងការចោទប្រកាន់ ពីបទញុះញង់ ឱ្យក្រុមកសិករ និងកម្មករបំពាននឹងបទបញ្ជា របស់រដ្ឋាភិបាល រហូតធ្វើឱ្យមាន ចលាចលកើតឡើង។

ម៉ៅ បានប្រកាសខ្លួនជាទ័ពព្រៃ (ចោរក្រហមកុម្មុយនីស្ត) ក្រោយពីត្រូវបណ្តេញចេញពីបក្ស លោកបានរៀបចំបង្កើតបដិវត្តន៍ របស់ប្រជាកសិករនៅក្នុងខែ កញ្ញា ឆ្នាំ១៩២៧។ ក្នុងពេលនោះដែរ ចាង ខៃជៀក ដែលទទួលការគាំទ្រ ពីពួកនាយទុន បានចាត់វិធានការ បោសសំអាតបុគ្គលសំខាន់ៗ របស់បក្សកុម្មុនីស្ត ដោយមិនរើសមុខ។ ហេតុការណ៍នេះ បានកើតឡើង ក្នុងតំបន់សៀងហៃ ដែលអាចចាត់បានថា ជាសោកនាដកម្មមួយ របស់ប្រទេសចិន។

ភាពមហិមា នៃការក្រោកឈរម្តងទៀត របស់មេដឹកនាំ ម៉ៅ សេទុង ៖ លោក ម៉ៅ បានបង្កើតទ័ពក្រហម ម្តងទៀត ក្រោយពេលរួចផុត ពីការគេចខ្លួនពីកងទ័ព គណៈជាតិរបស់ចិន ដោយបានប្រមែប្រមូលកម្លាំងទ័ព និងគ្រឿងសព្វាវុធ នៅតាមជួរភ្នំ ជិងកាំងសាន។ ក្រោយមក បណ្តាក្រុមពួកកុម្មុយនីស្តផ្សេងទៀត ក៏បាននាំគ្នាមករូបរួម ជាមួយម៉ៅ ដែលធ្វើឱ្យកងទ័ពក្រហម កាន់តែរីកទ្រង់ទ្រាយធំឡើង និងមានឥទ្ធិពលកាន់តែខ្លាំង ថែមទាំងពង្រីកតំបន់កាន់កាប់ បានកាន់តែច្រើន។ នៅក្នុងឆ្នាំ ១៩៣៣ ចាង ខៃជៀក បានឡោមព័ទ្ធកងទ័ពកុម្មុនីស្តចិន ដោយវាយផ្ទប់ឥតសំចៃ ធ្វើឱ្យកងទ័ពរបស់លោក ម៉ៅ សេទុង ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ម៉ៅ បានរៀបចំជើងការ ក្នុងការរត់គេចខ្លួន ព្រោះតែការវាយប្រហារ ពីសំណាក់ ចាង ខាយជៀក មានភាពខ្លាំងក្លាដែលពិបាក ក្នុងការទប់តល់រហូត ដល់ថ្ងៃទី ១៦ តុលា ឆ្នាំ១៩៣៤ ការព្យាយាមគេចខ្លួន នៃកងទ័ពក្រហម របស់លោកក៏បានសម្រេច ដែលនេះជាការធ្វើដំណើរ ដែលមានចម្ងាយ ៦៥០០ ម៉ៃល៍។

សង្រ្គាមរវាង ម៉ៅ សេទុង និង ចាង ខៃជៀក បាអូសបន្លាយ អស់រយៈពេលច្រើនឆ្នាំ រហូតដល់ឆ្នាំ ១៩៤៨ កងទ័ពចិនកុម្មុយនីស្ត ក៏ដណ្តើមជ័យជំនះ លើកងទ័ព ចាង ខៃជៀក ជាស្ថាពរ និងបានរៀបចំរដ្ឋាភិបាលចិនកុម្មុយនីស្តឡើង ចាប់ពីពេលនោះមក ៕​ ប្រភព៖ សប្បាយ

Most Popular

To Top