បរទេស៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអូស្ត្រាលី នឹងជំនួសឧទ្ធម្ភាគចក្រយោធា MRH-90 Taipan របស់អឺរ៉ុប ជាមួយនឹងឧទ្ធម្ភាគចក្រពហុតួនាទី របស់អាមេរិក Black Hawks ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោករដ្ឋមន្ត្រីបានប្រាប់សារព័ត៌មាន Nine News របស់អូស្ត្រាលីថា “សម្រាប់អន្តរប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលមានសារៈសំខាន់ កាន់តែខ្លាំងឡើងសម្រាប់ពួកយើង ដោយសារអស្ថិរភាព នៅក្នុងតំបន់របស់យើង ដូច្នេះ ឧទ្ធម្ភាគចក្រ Black Hawk មានន័យល្អឥតខ្ចោះ។ Black Hawk មានតម្លៃថោកជាង ការហោះហើររបស់ Taipans” ។
យោងតាមលោករដ្ឋមន្ត្រី គឺ ឧទ្ធម្ភាគចក្រប្រភេទ Taipan ទាំង ៤១ គ្រឿងនេះ មិនអាចទុកចិត្តបាន និងមិនបានបំពេញតាមការរំពឹងទុក។ ជំនួសមកវិញ គឺប្រទេសអូស្ត្រាលី នឹងទិញឧទ្ធម្ភាគចក្រ Black Hawk រហូតដល់ 40 គ្រឿងពីសហរដ្ឋអាមេរិក។
កាលពីព្រឹកថ្ងៃសុក្រ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ក៏បាននិយាយផងដែរថា Taipans “មិនបានធ្វើការងាររបស់ពួកគេទេ” ។ លោកបាននិយាយថា ការទិញឧទ្ធម្ភាគចក្ររបស់អាមេរិក គឺគោរពតាមកាតព្វកិច្ច ក្រោមភាពជាដៃគូរបស់ AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ៕
ប្រែសម្រួលៈ ណៃ តុលា