បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបង្កឲ្យមានភ្លើងឆេះយ៉ាងខ្លាំងដោយបានបំផ្លាញរដ្ឋសភាក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ។
ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យដែលមិនមែនជាបុគ្គលិកសភានឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារ ដោយប្រឈមនឹងការចោទប្រកាន់ពីបទដុតបំផ្លាញផ្ទះ និងចោរកម្ម ។
អ្នកពន្លត់អគ្គីភ័យបានធ្វើការជាច្រើនម៉ោងដើម្បីពន្លត់ភ្លើងដែលបានឆាបឆេះ ។
ប្រធានាធិបតី Cyril Ramaphosa បានហៅវាថា ជា “ព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាច និងបំផ្លិចបំផ្លាញ” ខណៈដែលលោកបានប្តេជ្ញាថា ការងាររបស់សភានឹងបន្តដដែល ។
វីដេអូពីកន្លែងកើតហេតុកាលពីថ្ងៃអាទិត្យ បានបង្ហាញពីផ្សែងខ្មៅពេញផ្ទៃមេឃ ដោយមានអណ្តាតភ្លើងយ៉ាងខ្លាំងចេញពីដំបូលអគារ ។
ក្រុមមន្ត្រីបានលើកឡើងថា ភ្លើងបានចាប់ផ្តើមនៅការិយាល័យជាន់ទី៣ ហើយបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់សភាជាតិ (សភាជាន់ទាប) លោក Nomsa Maseko បុគ្គលិករបស់ BBC បានរាយការណ៍នៅទីក្រុង Cape Town ។
បច្ចុប្បន្នសភាមិនអាចចូលប្រជុំបានទេ ដោយសារថ្ងៃឈប់សម្រាក ហើយគ្មានអ្នកណាម្នាក់រងរបួសឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា