ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ដាក់បង្ហាញមីស៊ីល ស្របពេលធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ ជាមួយមហាអំណាច ពិភពលោក

បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានដាក់តាំងបង្ហាញមីស៊ីលផ្លោងចំនួន៣គ្រាប់ នៅកន្លែងអធិដ្ឋានមួយ ក្នុងកណ្ដាលទីក្រុងតេអេរ៉ង់ ស្របពេលដែលកិច្ចពិភាក្សាក្នុងទីក្រុងវីយែន កំពុងតែប្រព្រឹត្តទៅ ក្នុងគោលបំណងស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក។

កងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បាននិយាយប្រាប់ថា មីស៊ីល ឈ្មោះ Dezful ឈ្មោះ Qiam និងឈ្មោះ Zolfaghar ដែលមានរយៈចម្ងាយវាយប្រហារផ្លូវការរហូតដល់ទៅ១.០០០គីឡូម៉ែត្រនោះ គឺជាម៉ូដែលដែលគេបានស្គាល់រួចហើយ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន abc NEWS នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សេចក្តីរាយការណ៍មួយដែលចេញដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយប្រាប់ថា មីស៊ីលដែលដាក់តាំងបង្ហាញនោះ គឺជាប្រភេទដូចគ្នានឹងមីស៊ីលដែលបានប្រើប្រាស់វាយប្រហារ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។

គួរបញ្ជាក់ថា ការដាក់តាំងមីស៊ីលទាំងនេះ គឺត្រូវបានធ្វើឡើង ក្នុងថ្ងៃគម្រប់ខួបទី២នៃការវាយប្រហារមីស៊ីលផ្លោងលើមូលដ្ឋានកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងដំណើរសងសឹកមួយ ចំពោះការវាយប្រហារដោយកូនដ្រូនអាមេរិក ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ គឺលោក Qassem Soleimani នៅក្នុងទីក្រុងបាដាត កាលពីឆ្នាំ២០២០៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top