ព័ត៌មានអន្តរជាតិ

រុស្ស៊ី បន្ថែមកម្លាំង ទៅជិតព្រំដែនអ៊ុយក្រែន ខណៈកំពុងរងសម្ពាធពីណាតូ

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងដាក់ពង្រាយកងទ័ព នៅលើទឹកដីរបស់ខ្លួន នៅជិតព្រំដែនអ៊ុយក្រែន ដោយសារភាពតានតឹង ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ណាតូ (NATO) ។

លោក Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកថា “យើងយល់ថាវាចាំបាច់ ក្នុងការរក្សាកងទ័ពទាំងនោះ ដោយសារស្ថានភាពតានតឹងខ្លាំង និងបរិយាកាសមិនរាក់ទាក់ ពីអង្គការណាតូ” ។

លោកបានលើកឡើងថា ប្រទេសរុស្ស៊ី ត្រូវចាត់វិធានការប្រុងប្រយ័ត្ន ដើម្បីឆ្លើយតបទៅនឹង ការកសាងកម្លាំងយោធារបស់ណាតូ សមយុទ្ធ និងការហោះហើរជាញឹកញាប់ នៃយន្តហោះចម្បាំង និងយន្តហោះឈ្លបយកការណ៍ នៅជិតព្រំដែនរុស្ស៊ី។

លោក Peskov បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី មិនពិចារណាលើសកម្មភាពយោធានោះទេ បើទោះបីជាការចរចា ជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ លើការធានាសន្តិសុខ ត្រូវបរាជ័យក៏ដោយ។

លោកបានបន្តថា យ៉ាងណាក៏ដោយ រុស្ស៊ីបានត្រៀមខ្លួនជាស្រេច ក្នុងការចាត់វិធានការតបតវិញ ប្រសិនបើភាគីទាំងពីរមិនអាច ឈានដល់ការឯកភាពគ្នានោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីដើមសប្តាហ៍នេះ អ្នកការទូតរុស្ស៊ី​ បានជួបពិភាក្សាជាមួយ ភាគីសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ ជាមួយអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប នៅទីក្រុងវីយែន ហើយបន្ទាប់មកជាមួយអង្គការណាតូ នៅទីក្រុងប្រ៊ុចសែល ប៉ុន្ដែជំនួបទាំងអស់ បានបញ្ចប់ដោយគ្មាន របកគំហើញណាមួយឡើយ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top