ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសកាណាដា នឹងធ្វើទស្សនកិច្ចអ៊ុយក្រែន ប្តេជ្ញាទប់ទល់ ការឈ្លានពានពីរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោក Melanie Jolie តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចទីក្រុងគៀវ នៅសប្ដាហ៍ក្រោយនេះ ដើម្បីធ្វើការបញ្ជាក់ជាថ្មី នូវការគាំទ្រចំពោះអធិបតេយ្យភាព របស់ប្រទេសអ៊ុយក្រែន និងពង្រឹងកិច្ចខិតខំប្រឹងប្រែង ធ្វើការទប់ស្កាត់ទង្វើដ៏គឃ្លើន ធ្វើឡើងដោយរុស្ស៊ី។

លោក Melanie Jolie បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប្រមូលផ្តុំកងទ័ព និងសម្ភារៈរបស់ប្រទេសរុស្ស៊ី នៅក្នុងនិងជុំវិញ ប្រទេសអ៊ុយក្រែន គឺជាការបង្កគ្រោះថ្នាក់ដល់សន្តិសុខ នៅទូទាំងតំបន់ ហើយសកម្មវាយលុកទាំងនេះ ត្រូវតែបញ្ឈប់”។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានបញ្ជូនកងទ័ពជើង ១០០.០០០នាក់ ទៅជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែន ហើយសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនខ្លាចថា ប្រទេសរុស្ស៊ី ត្រៀមរៀបចំបង្កើតលេសមួយ ដើម្បីធ្វើការវាយប្រហារ ប្រសិនបើកិច្ចពិភាក្សា តាមបែបការទូតបរាជ័យ មិនសម្រេចតាមគោលដៅ។

ប្រទេសកាណាដា ដែលមានប្រជាជនពូជពង្ស ជនជាតិភាគតិចអ៊ុយក្រែន ដ៏មានឥទ្ធិពលផ្នែកនយោបាយជាច្រើននោះ បានប្រកាន់គោលជំហរដ៏ម៉ឺងម៉ាត់ ចំពោះទីក្រុងមូស្គូ ចាប់តាំងពីប្រទេសរុស្ស៊ី បានយកតំបន់គ្រីមាពីអ៊ុយក្រែន មកដាក់ចូលជាឧបសម្ព័ន្ធ របស់ខ្លួនម៉្លេះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top