ព័ត៌មានអន្តរជាតិ

អាមេរិក​ ដាក់កងទ័ពជាង ៨ពាន់នាក់ ឲ្យបង្កើនការប្រុងប្រៀប ស្របពេលមានភាពតានតឹង រវាងរុស្ស៊ី និងអ៊ុយក្រែន

បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនបានដាក់ឲ្យកងទ័ពអាមេរិក ចំនួន៨.៥០០ ឲ្យធ្វើការប្រុងប្រៀបខ្ពស់ ដើម្បីបញ្ជូនទៅកាន់តំបន់អឺរ៉ុបភាគខាងកើត ស្របពេលមានភាពតានតឹងកើនឡើង ជុំវិញការប្រមូលផ្តុំយោធារបស់រុស្ស៊ី នៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន។

មន្ត្រីនាំពាក្យ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក John Kirby បានមានប្រសាសន៍ ប្រាប់ដល់អ្នកសារព័ត៌មានថា “បទបញ្ជាឲ្យត្រៀមធ្វើការបញ្ជូន” នោះ គឺត្រូវបានចេញដោយ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ចំពោះកងទ័ព ដែលប្រចាំការនៅបន្ទាយមួយចំនួន ប៉ុន្តែកងទ័ពទាំងនោះ នៅមិនទាន់ធ្វើការដំណើរការ ជាផ្លូវការនោះទេ។

គួរបញ្ជាក់ថា កងទ័ពអាមេរិកភាគច្រើន ដែលដាក់ឲ្យបង្កើនការប្រុងប្រៀបនោះ គឺត្រូវបានកំណត់សម្រាប់កងកម្លាំងឆ្លើយតប រហ័សមានសមាជិក៤០.០០០នាក់ របស់ណាតូ ប៉ុន្តែលោក John Kirby បាននិយាយថា លោក Austin ក៏កំពុងតែត្រៀម សម្រាប់យថា ហេតុណាមួយផ្សេងទៀតផងដែរ។

លោក John Kirby បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្នុងករណីដំណើរការកងកម្លាំងឆ្លើយតប រហ័សរបស់ណាតូ ឬក៏បរិយាកាសសន្តិសុខ ធ្លាក់ចុះខ្លាំងនោះ សហរដ្ឋអាមេរិក នឹងស្ថិតក្នុងគោលជំហរ ដាក់ពង្រាយរហ័ស នូវក្រុមប្រយុទ្ធកងពលតូចបន្ថែម ភស្តុភារ សម្ភារៈពេទ្យ អាកាសចរណ៍ ការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើលនិងការឈ្លបយកការណ៍ ការដឹកជញ្ជូន និងសមត្ថភាពបន្ថែម ចូលទៅក្នុងតំបន់អឺរ៉ុប”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top