ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង សម្លឹងមើលចំណាត់ការអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន ជាមួយក្តីព្រួយបារម្ភជាខ្លាំង

បរទេស៖ ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងតែសម្លឹងមើល ជាមួយក្តីព្រួយបារម្ភជាខ្លាំង ក្រោយសហរដ្ឋអាមេរិក បានដាក់ឲ្យកងទ័ពចំនួន ៨.៥០០នាក់ បង្កើនការប្រុងប្រៀប ត្រៀមខ្លួន ដើម្បីបញ្ជូនទៅកាន់តំបន់អឺរ៉ុប ក្នុងករណីមានការកើនឡើង ក្នុងវិបត្តិអ៊ុយក្រែន។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទបង្កើនកម្តៅភាពតានតឹងជុំវិញ បញ្ហាអ៊ុយក្រែន ដែលជាការលើកឡើងជាថ្មី ចំពោះទស្សនៈរបស់ទីក្រុងមូស្គូថា វិបត្តិកំពុងតែជំរុញដោយចំណាត់ការ របស់សហរដ្ឋអាមេរិក និងណាតូ ជាជាងដោយការប្រមូលផ្តុំកងទ័ព រាប់ម៉ឺននាក់របស់ខ្លួន នៅជិតព្រំដែនអ៊ុយក្រែន។

ចំណែកលោកខាងលិច ចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទគ្រោងធ្វើការវាយប្រហារថ្មីមួយ លើប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីធ្លាប់បានធ្វើការឈ្លានពាន នៅក្នុងឆ្នាំ២០១៤ ប៉ុន្តែទីក្រុងមូស្គូបានបដិសេធ ចំពោះគម្រោងបែបនោះ តែនិយាយថា ខ្លួនអាចនឹងធ្វើចំណាត់ការយោធា មិនជាក់លាក់ ប្រសិនបើការទាមទារ មិនត្រូវបានបំពេញ រួមទាំងការសន្យារបស់ណាតូ មិនអនុញ្ញាត ឲ្យទីក្រុងគៀវចូលជាសមាជិក។

លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងសប្ដាហ៍នេះ នឹងពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលក៏គ្រោងធ្វើកិច្ចពិភាក្សាគ្នា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top